ធនាគារ ABA ជួយកែលម្អអគាសិក្សាចំនួន ២ខ្នង ជូនអនុវិទ្យាល័យសម្តេចឪ នៅក្រុងព្រះសីហនុ
AKP ព្រះសីហនុ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦--លោក សាមុត សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមក្នុងពិធីប្រគល់ ទទួល អំណោយសប្បុរសធម៌ពីធនាគារ ABA នារសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២៦ នៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។
លោក ព្រាប សុភាព នា យកគ្រប់គ្រងតំបន់(ភាគខាងលិច)នៃសាខាក្រុមហ៊ុនក្នុងស្រុកធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) បានថ្លែងថា កត្តាចំនួន៣ ដែលជំរុញឱ្យធនាគារ ABA ចូលរួមជាមួយរដ្ឋបាលខេត្តព្រះសីហនុ គឺ៖ ១.ចូលរួមក្នុងការកែលម្អលាបថ្នាំអគាសិក្សា ជួសជុលបង្អួច ទ្វារ និងដំបូលក្បឿងជូនសាលាអនុវិទ្យាល័យសម្តេចឪចំនួន ២ខ្នង ឱ្យមានសោភណភាព បរិស្ថានល្អ ចំណាយអស់ថវិកា ១៥ ០០០ដុល្លារអាម៉េរិក, ២.អំណោយរបស់ធនាគារ ABA ចូលរួមសប្បុរសធម៌ មានដូចជា ក្មេងកំព្រា វីរកងទ័ពជួមុខ និងការងារសង្គមផ្សេងទៀត និង៣.ទីនេះគឺជាថ្នាលបណ្តុះបណ្តាលរបស់រូបខ្ញុំក៏ដូចជាសហការី ដែលទទួលបាននូវចំណេះដឹង និងការចូលរួមការងារសប្បុរសធម៌សង្គមនៅក្នុងខេត្តព្រះសីហនុ និងការងារសង្គមផ្សេងទៀត។

លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ ថ្លែងក្នុងពិធីប្រគល់ទទួលអគារសិក្សាដែលបានជួសជុលលាបថ្នំាកែលម្អរួចរាល់ដោយធនាគារ ABA មានចំនួន ២ខ្នង នៅអនុវិទ្យាល័យសម្តេចឳនាឱកាសនេះថា ពិតជាបានចូលរួមចំណែកដ៏សំខាន់ជាមួយរដ្ឋបាលខេត្តព្រះសីហនុ ក្នុងការបណ្ដុះ បណ្តាលធនធានមនុស្សប្រកបដោយគុណភាពសមត្ថភាព ចំណេះដឹង ចំណេះធ្វើមានសីលធម៌ល្អ មនសិការវិជ្ជាជីវៈ សេចក្តីថ្លៃថ្នូរ និងជាទំពាំងស្នងឫស្សីដ៏ល្អ ព្រមទាំងចេះរួមរស់ជាមួយគ្នាប្រកបដោយភាពសុខដុមរមនាដែលជា មូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ សង្គមសេដ្ឋកិច្ចលើគ្រប់វិស័យ។

លោកអភិបាលរងខេត្តបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈក្រសួងអប់រំយុវជន និងកីឡា បានដាក់ចេញនូវកម្មវិធីផ្សេងៗសំដៅលើកកម្ពស់គុណ ភាពអប់រំ ដោយផ្តោតលើការពង្រឹងគុណភាព សាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ ប្រកបដោយស័ក្តិសិទ្ធិភាព និងសមិទ្ធកម្មតាមរយៈ ទី១.ការពង្រឹងអភិបាលកិច្ចសាលារៀន, ទី២.ការពិនិត្យកែលម្អកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះ ដឹង វិន័យ សីលធម៌ និងឥរិយាបថសិស្ស, ទី៣.ការយកចិត្តទុកដាក់លើសុខ ភាពសិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ ការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលា និង៤.ការជំរុញលើកទឹកចិត្តការចូលរួមរបស់មាតាបិតា និងសហគមន៍ក្នុងការអប់រំស្របតាមពាក្យស្លោក ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ។

ជាការឆ្លើយតប រដ្ឋបាលខេត្តព្រះសីហនុបានយកចិត្តទុកខ្ពស់លើវិស័យអប់រំ ព្រមទាំងការអភិវឌ្ឍកុមារ និងយុវជនឱ្យមានសក្ដានុពលខាងផ្លូវកាយ ផ្លូវបញ្ញា ផ្លូវចិត្ត និងផ្លូវអារម្មណ៍ ដើម្បីឱ្យក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អក្នុងសង្គម ព្រមទាំងក្លាយជាឆ្អឹងខ្នងដ៏រឹងមាំរបស់ប្រទេសជាតិ។ រដ្ឋបាលខេត្ត បានយកចិត្តទុកដាក់លើបរិស្ថានសិក្សានៅតាមសាលារៀនក្នុងខេត្ត តាមរយៈការកែលំអហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការសាងសង់ និងជួសជុលអគារសិក្សា ការសាងសង់នឹងកែលម្អបណ្ណាល័យ ការរៀបចំទីលានកីឡា អាហារដ្ឋាន ការបំពាក់សម្ភារៈថ្នាក់មត្តេយ្យ ការរៀបចំសួនជីវៈចម្រុះ និងសួនអំណាន ព្រមទាំងសម្ភារ និងបរិក្ខារពេទ្យនៅក្នុងគ្រឹះស្ថានសិក្សានានាក្នុងខេត្តព្រះសីហនុ ដើម្បីអភិវឌ្ឍន៍សមត្ថភាពឱ្យទាន់បដិវត្តន៍ឧស្សាហកម្ម ៤.០ ជាពិសេសការប្រើប្រាស់ បច្ចេកវិទ្យាព័ត៌មាន និងភាសាបរទេស។

លោកអភិបាលរងខេត្ត ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ គ្រឹះស្ថានឯកជន អង្គការសង្គមស៊ីវិលអន្តរជាតិ និងសប្បុរសជនបង្កើនការយកចិត្តទុកដាក់ចូលរួមគាំទ្របន្ថែមទៀតក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាលារៀនតាមគ្រប់រូបភាព ព្រមទាំងជំរុញដល់សិស្ស និងយុវជនដែលមិន បានរៀនសូត្រ ឬបោះបង់ការសិក្សាឱ្យមានឱកាស បានរៀនសូត្រជាថ្មី ជាពិសេសបង្កលក្ខណៈងាយស្រួលដល់សិស្ស និងយុវជន ដែលមានពិការ ភាពឱ្យទទួលបានការ សិក្សារៀនសូត្រយ៉ាងតិច ៩ឆ្នាំ និងជំរុញគាំទ្រឱ្យពួកគេរៀនសូត្រចប់ភូមិសិក្សា និងចប់កម្រិតឧត្តមសិក្សាប្រកបដោយគុណភាព។

សូមបញ្ជាក់ថា សាលាអនុវិទ្យាល័យសម្តេចឪ មានលោកគ្រូ អ្នកគ្រូចំនួន៦៧នាក់ ស្រី ៣៣នាក់ ចែកជា៣កម្រិតថ្នាក់ គឺថ្នាក់ទី៧,៨,និង៩ ដែលមានសិស្សានុសិស្សសរុបចំនួន ៧៩៣នាក់ ស្រី ៣៧៥នាក់ មានអាគារសិក្សាចំនួន ៣ខ្នង ស្មើនឹង២១បន្ទប់ និងមានបណ្ណាល័យ ១ខ្នង ទីចាត់ការ ១ខ្នង អាគារពហុបំណង ១ខ្នង និងអាគាររោងជាង សិល្ប កីឡា ១ខ្នង៕
ដោយ ងូ សុមុនី





