រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់កម្រងវិញ្ញាសាសម្រាប់ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដល់សិស្សថ្នាក់ទី១២ នៅទូទាំងខេត្តបន្ទាយមានជ័យ
AKP ភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦—ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលជាមួយបុគ្គលិកអប់រំ និងផ្ដល់កម្រងវិញ្ញាសាសម្រាប់ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដល់សិស្សថ្នាក់ទី១២ ដែលធ្វើឡើងនៅវិទ្យាល័យ ហ៊ុន សែន ខ្លាកូន ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ក្នុងការគាំទ្រដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ក្នុងអំឡុងពេលជម្លោះព្រំដែននាពេលកន្លងមក ដោយក្រសួងបានចុះជួយសម្របសម្រួល និងប្រមូលសម្ភារសិក្សា គ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួន និងបានអំពាវនាវដល់បុគ្គលិកអប់រំ និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដើម្បីជួយគាំទ្រសម្របសម្រួលដល់បុគ្គលិកអប់រំ និងគ្រួសារដែលរងផលប៉ះពាល់។ ទន្ទឹមនឹងនេះ ឯកឧត្តមបានលើកទឹកចិត្តដល់សិស្សានុសិស្សថ្នាក់ទី១២ ឱ្យប្រើប្រាស់កម្រងវិញ្ញាសានេះឱ្យមានប្រសិទ្ធភាព ដោយយកទៅអនុវត្តឱ្យបានច្រើន ដើម្បីត្រៀមខ្លួនឱ្យបានរួចរាល់សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខ។

ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ ឱ្យបន្តយកចិត្តទុកដាក់បំប៉នសិស្សបន្ថែម និងបណ្ដុះស្មារតីស្នេហាជាតិ ឱ្យពួកគេក្លាយជាទំពាំងស្នងឫស្សី ប្រកបដោយសក្ដានុពល សមត្ថភាព និងសីលធម៌ល្អដើម្បីរួមចំណែកអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរុងរឿង។បន្ថែមលើនេះក៏សូមឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់បន្តជឿជាក់លើការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់កងទ័ព និងប្រជាជនគ្រប់រូប ដើម្បីធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសក្នុងការដោះស្រាយជម្លោះនានាតាមផ្លូវច្បាប់អន្តរជាតិ និងប្រកបដោយសន្តិវិធី ដែលរក្សាជំហរយ៉ាងមុតមាំថា នឹងគោរពអធិបតេយ្យរបស់ប្រទេសជិតខាង ប៉ុន្តែមិនអនុញ្ញាតជាដាច់ខាតនូវការគំរាមកំហែង ឬការប៉ុនប៉ងរំលោភឈ្លានពានណាមួយឡើយ៕

ដោយ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





