សម្ពោធដាក់ឱ្យប្រើប្រាស់ «អគារមជ្ឈមណ្ឌលសិក្សាពេញមួយជីវិត» នៅស្រុកព្រះនេត្រព្រះ ដែលជាជំនួយរបស់ប្រជាជនជប៉ុន ក្នុងការពង្រឹងចំណេះដឹងសហគមន៍
AKP បន្ទាយមានជ័យ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦--ឱកាសនៃការទទួលបានការអប់រំ ទាំងក្នុង និងក្រៅប្រព័ន្ធ សម្រាប់ប្រជាពលរដ្ឋ និងយុវជននៅក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កាន់តែមានភាពធំទូលាយ និងរឹងមាំថែមមួយកម្រិតទៀត បន្ទាប់ពី «អគារមជ្ឈមណ្ឌលសិក្សាពេញមួយជីវិត» ស្ថិតក្នុងឃុំជប់វារី ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីបម្រើឱ្យផលប្រយោជន៍សាធារណៈ ក្នុងការក្រេបជញ្ជក់ចំណេះដឹង និងជំនាញវិជ្ជាជីវៈ។

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលថ្មីស្រឡាងនេះ បានប្រារព្ធធ្វើឡើងនៅការិយាល័យអប់រំ យុវជន និងកីឡាស្រុកព្រះនេត្រព្រះ កាលពីរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ និង ឯកឧត្តម អ៊ុ រាត្រីអភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។

ព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ ក៏មានការអញ្ជើញចូលរួមពី លោកបណ្ឌិត ឌី សមស៊ីដេត អគ្គនាយករង នៃអគ្គនាយកដ្ឋានអប់រំ និងជាប្រធានគណៈគ្រប់គ្រងនាយកដ្ឋានអប់រំក្រៅប្រព័ន្ធ និងបរិយាបន្ន, លោក យ៉ូនីសាវ៉ា អាតសុស៊ី (Mr. ATSUSHI YONEZAWA) ប្រធានការិយាល័យកុងស៊ុលជប៉ុនប្រចាំកម្ពុជា, លោក ស្រី សាកាន (Mr. Srey Sakan) នាយកអង្គការកុមារឥតព្រំដែន ប្រចាំកម្ពុជា (KNK) និងសហការី ព្រមទាំងលោកប្រធាននាយកដ្ឋានអប់រំក្រៅប្រព័ន្ធ មន្ទីរ-អង្គភាពពាក់ព័ន្ធ គណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងយុវជនក្នុងមូលដ្ឋានយ៉ាងច្រើនកុះករ។

មានប្រសាសន៍ចំណាប់អារម្មណ៍ក្នុងពិធីនោះ លោកបណ្ឌិត ឌី សមស៊ីដេត អគ្គនាយករង នៃអគ្គនាយកដ្ឋានអប់រំ និងជាប្រធានគណៈគ្រប់គ្រងនាយកដ្ឋានអប់រំក្រៅប្រព័ន្ធ និងបរិយាបន្ន បានគូសបញ្ជាក់យ៉ាងច្បាស់ថា ការបង្កើតមជ្ឈមណ្ឌលសិក្សាពេញមួយជីវិតនេះ គឺជារបត់ដ៏សំខាន់មួយក្នុងការឆ្លើយតបទៅនឹងគោលនយោបាយជាតិស្តីពីការសិក្សាពេញមួយជីវិតរបស់ក្រសួងអប់រំ យុវជន និងកីឡា។ លោកបណ្ឌិតបានសង្កត់ធ្ងន់ថា ការសិក្សាមិនត្រូវបញ្ចប់ត្រឹមការចាកចេញពីសាលាចំណេះទូទៅនោះឡើយ។ មជ្ឈមណ្ឌលនេះ នឹងដើរតួជាស្ពានចម្លងដ៏មានសារៈសំខាន់ ក្នុងការផ្តល់ឱកាសស្មើៗគ្នា ប្រកបដោយបរិយាបន្ន ដល់បងប្អូនប្រជាពលរដ្ឋគ្រប់វ័យ ទាំងអ្នកដែលបាត់បង់ឱកាសសិក្សាក្នុងប្រព័ន្ធ កុមារក្រៅសាលា និងយុវជនក្នុងសហគមន៍ ឱ្យទទួលបានការបណ្តុះបណ្តាលចំណេះដឹងទូទៅ មុខជំនាញបច្ចេកទេស និងវិជ្ជាជីវៈកម្រិតមូលដ្ឋាន ដែលជាតម្រូវការជាក់ស្តែងក្នុងទីផ្សារការងារបច្ចុប្បន្ន។

លោកបណ្ឌិតអគ្គនាយករង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលជប៉ុន និងអង្គការ KNK ដែលជាដៃគូអភិវឌ្ឍន៍ដ៏មានស្មារតីទទួលខុសត្រូវខ្ពស់ និងបានជំរុញឱ្យគណៈគ្រប់គ្រងមជ្ឈមណ្ឌល លោកគ្រូ អ្នកគ្រូ និងផ្នែកពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំកម្មវិធីសិក្សាឱ្យមានភាពបត់បែន គួរឱ្យទាក់ទាញ និងឆ្លើយតបចំតម្រូវការជីវភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីធានាថាទីតាំងនេះនឹងក្លាយជា «ធនាគារចំណេះដឹងសហគមន៍» ដ៏រវើក និងមាននិរន្តរភាព។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានសម្តែងនូវមនោសញ្ចេតនារំភើបរីករាយ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈអង្គការកុមារឥតព្រំដែន ប្រចាំកម្ពុជា KNK ដែលបានផ្តល់ជំនួយឧបត្ថម្ភគាំទ្រក្នុងការសាងសង់ «អគារមជ្ឈមណ្ឌលសិក្សាពេញមួយជីវិត» នៅឃុំជប់វារី ស្រុកព្រះនេត្រព្រះ នាពេលនេះ។
ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា សមិទ្ធផលថ្មីនេះ គឺជាកាតាលីករយ៉ាងសំខាន់ក្នុងការបង្កលក្ខណៈងាយស្រួល ផ្តល់ឱកាស និងជំរុញឱ្យកូនចៅប្រជាពលរដ្ឋ ក៏ដូចជាសហគមន៍ទាំងមូល មានកន្លែងសមរម្យក្នុងការរៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹង បណ្តុះបណ្តាលជំនាញ ដើម្បីយកទៅអភិវឌ្ឍជីវភាពគ្រួសារ និងសង្គមជាតិ។ នេះសរឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ ដែលជាសសរស្តម្ភគន្លឹះរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានោះ ឯកឧត្តមក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាក្របខ័ណ្ឌថែរក្សាការពារអគារថ្មីនេះឱ្យបានល្អ ដើម្បីប្រើប្រាស់ជាប្រយោជន៍បានយូរអង្វែងតទៅជំនាន់ក្រោយ។

មានប្រសាសន៍នៅក្នុងពិធីនោះដែរ លោក យ៉ូនីសាវ៉ា អាតសុស៊ី (Mr. ATSUSHI YONEZAWA) ប្រធានការិយាល័យកុងស៊ុលជប៉ុនប្រចាំកម្ពុជា បានសម្តែងនូវការអបអរសាទរចំពោះសមិទ្ធផលថ្មីនេះ និងបានលើកឡើងពីសារៈសំខាន់នៃមជ្ឈមណ្ឌលសិក្សាពេញមួយជីវិត ក្នុងការបើកឱកាសអប់រំស្មើៗគ្នាសម្រាប់មនុស្សគ្រប់រូប។ លោកបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ភាគីជប៉ុន ក្នុងការបន្តគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា និងបានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា មជ្ឈមណ្ឌលនេះនឹងក្លាយជាថ្នាលបណ្តុះបណ្តាលដ៏រវើកមួយ ដែលជួយលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកព្រះនេត្រព្រះទាំងមូល។

សូមបញ្ជាក់ថា «អគារមជ្ឈមណ្ឌលសិក្សាពេញមួយជីវិត» ថ្មីនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងឆ្លើយតបទៅនឹងតម្រូវការអប់រំក្រៅប្រព័ន្ធ ការបណ្តុះបណ្តាលវិជ្ជាជីវៈកម្រិតមូលដ្ឋាន និងការផ្តល់ចំណេះដឹងទូទៅដល់ប្រជាពលរដ្ឋគ្រប់វ័យ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលផ្តល់អាទិភាពគន្លឹះទីមួយលើ «មនុស្ស» ពោលគឺការអភិវឌ្ឍមូលធនមនុស្ស ប្រកបដោយសមត្ថភាព ចំណេះដឹង ជំនាញពិតប្រាកដ និងសីលធម៌ខ្ពស់ ដើម្បីជាគ្រឹះក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ៕
ដោយឈុនសារ៉ាត





