ក្រុមវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាបធ្វេីការវះកាត់យកក្បាលគ្រាប់ ៦០មីលីម៉ែត្រដែលមិនទាន់ផ្ទុះចេញពីខ្លួនជនរងគ្រោះបានដោយជោគជ័យ
AKP សៀមរាប ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦--ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC បានបង្ហាញនៅក្នុងបណ្តាញទំនាក់ទំនងសង្គមផ្ទាល់ខ្លួនថា មន្ទីរពេទ្យបង្អែកខេត្តសៀមរាបកាលពីថ្ងៃពី២៧ ខែឧសភា ឆ្នាំ២០២៦ បានទទួលប្អូនស្រីរងគ្រោះមកពីខេត្តឧត្តរមានជ័យ ដែលបានរងគ្រោះថ្នាក់ដោយសារការផ្ទុះគ្រាប់សំណល់យុទ្ធភណ្ឌសង្គ្រាមនៅពេលដុតសម្អាតព្រៃធ្វេីស្រែចម្ការ។ ហេតុការណ៍នេះ គួរឱ្យភ្ញាក់ផ្អេីលបំផុតនោះ គឺក្បាលគ្រាប់ ៦០មីលីម៉ែត្រមួយគ្រាប់ ក្នុងចំណោមគ្រាប់ដែលផ្ទុះផ្សេងទៀតបានបុកចូលពីក្រោយដងខ្លួនចូលក្នុងដេីមទ្រូងតែមិនផ្ទុះឡេីយ។

នៅពេលជនរងគ្រោះដឹកមកដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ត្រូវបានក្រុមវេជ្ជបណ្ឌិត បានតស៊ូវះកាត់យ៉ាងយកចិត្តទុកដាក់ និងប្រថុយគ្រោះថ្នាក់ ដោយយកក្បាលគ្រាប់៦០មីលីម៉ែត្រចេញដងខ្លួនបានដោយជោគជ័យនិងសុវត្ថិភាព។ បន្ទាប់ពីវះកាត់យកក្បាលគ្រាប់ចេញរួចរាល់ ក្រុមការងារស៊ីម៉ាក់បានពិនិត្យឃេីញថា គ្រាប់នេះមិនទាន់ផ្ទុះពិតប្រាកដមែន នេះពិតជាមានរឿងហេតុអស្ចារ្យបែបសំណាងមួយក្នុងមួយលានគ្រោះថ្នាក់។

សូមធ្វេីការកោតសរសេីរ និងថ្លែងអំណរគុណយ៉ាងក្រៃលែងចំពោះក្រុមវេជ្ជបណ្ឌិតទាំងអស់ ដែលបានខិតខំវះកាត់ជនរងគ្រោះយ៉ាងយកចិត្តទុកដាក់ប្រកបដោយជោគជ័យ និងសុវត្ថិភាពខ្ពស់។ សូមជូនពរប្អូនស្រីរងគ្រោះ បានជាសះស្បេីយពីរបួសនៃគ្រោះថ្នាក់ផ្ទុះគ្រាប់នេះកុំបីខាន៕


ដោយ៖ ឃុត សៅ





