អាជ្ញាធរខេត្តសៀមរាបចុះស្ដារប្រព័ន្ធប្រឡាយទឹកក្នុងសង្កាត់ស្វាយដង្គំ ដើម្បីបង្ការការជន់លិចដោយជំនន់ទឹកភ្លៀងនៅក្នុងក្រុងសៀមរាប
AKP សៀមរាប ថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២៦--
ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត បានដឹកនាំមន្ត្រីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ចុះស្ដារប្រព័ន្ធប្រឡាយទឹកដើម្បីបញ្ចៀសជំនន់ទឹកភ្លៀង ជាក់ស្ដែងនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ មន្ត្រីជំនាញមន្ទីរសាធារណការ អាជ្ញាធរក្រុងសៀមរាប និងអាជ្ញាធរពាក់ព័ន្ធ បានចុះធ្វើការស្ដារប្រព័ន្ធប្រឡាយទឹកក្នុងសង្កាត់ស្វាយដង្គំ ដើម្បីត្រៀមលក្ខណៈបង្ការ និងកាត់បន្ថយផលប៉ះពាល់ពីជំនន់ទឹកភ្លៀងដែលបង្កឱ្យជន់លិចលំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា ដែលបណ្ដាលមកពីជំនន់ទឹកភ្លៀង។

ប្រជាពលរដ្ឋរស់នៅក្នុងភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប អ្នកស្រី ស៊ូ ចាន់ បានបង្ហាញក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរខេត្ត ដែលបានឆ្លើយតបយ៉ាងទាន់ពេលវេលាក្នុងការចុះស្ដារប្រព័ន្ធប្រឡាយទឹកនេះ។ អ្នកស្រីបានបញ្ជាក់ថា កន្លងមកនៅរដូវវស្សាជារៀងរាល់ឆ្នាំ មូលដ្ឋាននេះតែងតែជួបប្រទះការជន់លិចលំនៅឋានយ៉ាងខ្លាំង ដែលបង្កការលំបាកដល់ការរស់នៅជាច្រើន។
អ្នកស្រី ស៊ូ ចាន់ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដាយប្រឡាយទឹកទាំងអស់ ចូលរួមថែរក្សាអនាម័យ និងចូលរួមសហការដោយបញ្ឈប់ការបោះសំរាមចូលក្នុងប្រឡាយ ដើម្បីរក្សាគម្របផ្លូវទឹកឱ្យនៅមានសោភ័ណភាព និងជៀសផុតពីការកកស្ទះ ដែលជាមូលហេតុចម្បងមួយនៃការជន់លិច។

លោក ហ៊ា ហាវ ចៅសង្កាត់ស្វាយដង្គំ បានឱ្យដឹងថា ក្នុងរដូវវស្សាជារៀងរាល់ឆ្នាំ ភូមិជាច្រើននៃសង្កាត់ស្វាយដង្គំ ត្រូវបានរងការជន់លិចពីជំនន់ទឹកភ្លៀង ដែលបានបង្កផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋយ៉ាងខ្លាំង។ ជាពិសេសភូមិភ្ញាជ័យ តែងតែទទួលរងគ្រោះធ្ងន់ជាងបណ្ដាភូមិដទៃ ដែលកម្ពស់ទឹកមានរហូត ១ម៉ែត្រ និងមានរយៈពេលពី១០ថ្ងៃ ទៅ១៥ថ្ងៃទើបស្រកទៅវិញ។ លោកចៅសង្កាត់ ក៏នឹងជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាអនាម័យបរិស្ថាន កុំឱ្យមានការស្ទះប្រព័ន្ធប្រឡាយទឹកដែលនាំឱ្យមានការជន់លិច។

បើតាម លោក តាន់ គឹមអង ប្រធានការិយាល័យបច្ចេកទេសនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បានឱ្យដឹងថា ជារៀងរាល់ឆ្នាំក្រុងសៀមរាប តែងទទួលរងការជន់លិច ដែលបណ្ដាលមកពីជំនន់ទឹកភ្លៀង ទើបគណៈកម្មាធិកាគ្រប់គ្រងគ្រោះមហន្ដរាយខេត្ត បានរៀបចំធ្វើការស្ដារប្រព័ន្ធប្រឡាយទឹកសំខាន់ៗ ជាពិសេសក្នុងក្រុងសៀមរាប ខណៈសង្កាត់ស្វាយដង្គំ មន្ត្រីជំនាញបានធ្វើការស្ដារប្រឡាយទឹកបានចំនួនប្រវែងជាង ៥គីឡូម៉ែត្រ លើខ្សែទឹកចំនួន៦ ដែលនេះត្រូវបានរំពឹងថា នឹងកាត់បន្ថយការជន់លិច ផ្ដល់ផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានាផងដែរ៕
ដោយ ឃុត សៅ





