ក្រសួងអភិវឌ្ឍន៍ជនបទបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅការងារខែមិថុនា ឆ្នាំ២០២៦បន្តទៀត
AKP ភ្នំពេញ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦--ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅការងារខែមិថុនា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ឯកឧត្តម លោកជំទាវ ទីប្រឹក្សាក្រសួង មន្ដ្រីរាជការនៅទីស្ដីការក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី-ខេត្ត ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធនិម្មិត (Zoom Meeting)នាព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ។

តាមរយៈរបាយការណ៍បានបង្ហាញឱ្យដឹងថា ក្រសួងអភិវឌ្ឍន៍ជនបទ បានយកចិត្តទុកដាក់អនុវត្តការងារយ៉ាងសកម្ម ទៅតាមផែនការសកម្មភាព និងប្រតិទិនការងារ ដែលបានកំណត់ និងតាមតម្រូវការការងារចាំបាច់នានាក្នុងក្របខ័ណ្ឌតួនាទី និងភារកិច្ច របស់ក្រសួង ដោយសម្រេចបានលទ្ធផលក្នុងខែប្រកបដោយភាពវិជ្ជមាន និងមានប្រសិទ្ធភាព។ អង្គប្រជុំ ក៏បានពិនិត្យ និងពិភាក្សាយ៉ាងលម្អិតលើសេចក្ដីព្រាងរបាយការណ៍លើបញ្ហា និងការប្រឈមនានា ព្រមទាំងកំណត់ទិសដៅបន្តដើម្បីជំរុញការអនុវត្តផែនការសកម្មភាពឱ្យបានជោគជ័យស្របតាមផែនការដែលបានគ្រោងទុក។

ឯកឧត្តមរដ្ឋមន្ដ្រីបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់អនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម ប្រកបដោយការទទួលខុសត្រូវ រហូតធ្វើឱ្យសម្រេចបានសមិទ្ធផលស្របតាមផែនការដែលបានកំណត់។ឯកឧត្តមរដ្ឋមន្ដ្រីក៏បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលក្រសួងសម្រេចបានជាបន្ដបន្ទាប់ ស្របតាមផែនការយុទ្ធសាស្ដ្ររបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងគោលនយោបាយជាតិស្ដីពីការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥។


ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់ជាអនុសាសន៍មួយចំនួនដែលជាការតម្រង់ទិសជូនដល់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ ទាំងនៅថ្នាក់កណ្តាល និងមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត ឱ្យបន្តអនុវត្តតួនាទីភារកិច្ចឱ្យល្អ ដើម្បីកសាងសមិទ្ធផលថ្មីៗបន្ថែមទៀត៕
ដោយ ពេជ្រ សំអឿន(ប្រភព៖ក្រសួងអភិវឌ្ឍន៍ជនបទ )





