ក្រុងកោះរ៉ុងត្រូវបានកំណត់ និងប្រែក្លាយជាក្រុងគោលដៅគំរូ គ្មានប្លាស្ទិក
AKP ព្រះសីហនុ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦--លោក ហួត រិទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត (គ.ជ.វ.ទ) និងជាប្រធាននាយកដ្ឋានសេវាគាំពារទីក្រុងស្អាត និងជំរុញការប្រឡងប្រណាំង អញ្ជើញបើកកិច្ចប្រជុំ ស្តីពីការកំណត់យកក្រុងកោះរ៉ុង ជាក្រុងគ្មានប្លាស្ទិក នៅសណ្ឋាគារឆ្នេរថ្មី ស្ថិតនៅសង្កាត់ លេខ៣ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធនានា នៅថ្ងៃអង្គារទី២៦ ខែឧសភា ឆ្នាំ២០២៦។

លោក ចេន រ៉េត នាយករងរដ្ឋបាលសាលាខេត្តព្រះសីហនុបានបញ្ជាក់ថា វិស័យទេសចរណ៍ គឺជាវិស័យបៃតងដ៏មានសារៈសំខាន់ក្នុងការ ចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងអភិរក្សសម្បត្តិវប្បធម៌ ព្រមទាំងធនធានធម្មជាតិរបស់ខេត្ត។

ជាមួយគ្នានោះ លោកនាយករងរដ្ឋបាលខេត្ត ក៏បានជម្រាបជូនអំពីភូមិសាស្ត្រ សក្តានុពល និងការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ខេត្តព្រះសីហនុ លើគ្រប់វិស័យ។ ទន្ទឹមនឹងការរីកចម្រើន ក៏មាននបញ្ហាប្រឈមនៃសំណល់ប្លាស្ទិក ផងដែរ ដោយផ្អែកតាមទិន្នន័យ ខេត្តព្រះសីហនុ មានសំណល់ប្លាស្ទិកប្រមាណជា៤០ពាន់តោនក្នុងមួយឆ្នាំ ប៉ុន្តែមានត្រឹមតែ ៤,០០០ តោនប៉ុណ្ណោះ ដែលត្រូវបានយកទៅកែច្នៃឡើងវិញ ហើយបរិមាណដែលនៅសេសសល់បានបង្កផលប៉ះពាល់ដល់បរិស្ថានឆ្នេរ ស្ទះប្រព័ន្ធលូ បង្កើតហានិភ័យទឹកជំនន់ និងប៉ះពាល់ដល់សុខភាពសាធានរណៈ ព្រមទាំងជីវៈចម្រុះ។ ដើម្បីឆ្លើយតបទៅនឹងបញ្ហាទាំងអស់នេះ រដ្ឋបាលខេត្តព្រះសីហនុបានដាក់ចេញវិធានការដោះស្រាយជាបន្តបន្ទាប់ ដូចជាការបំពាក់ធុងសំរាមតាមទីសាធារណៈ ការជំរុញការប្រើប្រាស់ ផលិតផលជំនួសប្លាស្ទិក ការញែកសំណល់ ការបំផុសស្មារតីប្រជាពលរដ្ឋ និងដៃគូពាក់ព័ន្ធឱ្យចូលរួមក្នុងចលនាប្រឡងប្រណាំង «ឆ្នេរស្អាត ទីក្រុងស្អាត បរិស្ថានស្អាត»។

ក្នុងឱកាសនោះ លោក ហួត រិទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត (គ.ជ.វ.ទ) និងជាប្រធាននាយកដ្ឋានសេវាគាំពារទីក្រុងស្អាត និងជំរុញការ ប្រឡងប្រណាំង បានបើកកិច្ចប្រជុំសម្រាប់ទិសដៅយុទ្ធសាស្រ្តចម្បងចំនួន២ សម្រាប់អនុវត្តនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ រួមមាន៖ទី១.ការបើកយុទ្ធនាការសម្អាតកាកសំណល់ប្លាស្ទិកតាមតំបន់ឆ្នេរ ដោយជ្រើសរើសយកឆ្នេរណាមួយជាឆ្នេរគំរូ ក្នុងចំណោមឆ្នេរកម្សាន្តទាំង ៣០កន្លែង ដើម្បីធ្វើការសម្អាតជាប្រចាំ រួចពង្រីកទៅកាន់តំបន់ឆ្នេរដទៃ ទៀត។ ទី២.ការ ជំរុញយន្តការប្រែក្លាយក្រុងកោះរ៉ុង ឱ្យទៅជាក្រុងដែលគ្មានកាកសំណល់ប្លាស្ទិក។

លោកអគ្គលេខាធិការរងបានបញ្ជាក់បន្ថែមថា ក្រុងកោះរ៉ុងគឺជាតំបន់មួយដែលមានសក្តានុពលទេសចរណ៍ដ៏សម្បូរបែប និងស្រស់ស្អាត ដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្តយ៉ាងច្រើនកុះករ។ ក្នុងដំណើរចុះពិនិត្យការងារជាលើកទី២ នេះ គ.ជ.វ.ទ រួមជាមួយអង្គការ និងដៃគូពាក់ព័ន្ធបានធ្វើការវាយតម្លៃលើផលប៉ះពាល់ ដើម្បីស្វែងរកដំណោះស្រាយសមស្រប ដោយក្នុងនោះ ដំណោះស្រាយ ដ៏ប្រសើរបំផុត គឺការបង្កើតការកែច្នៃសំណល់ប្លាស្ទិកនៅនឹងកោះតែម្តង។

ទន្ទឹមនោះ លោក ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋជាម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន និងដៃគូពាក់ព័ន្ធទាំងអស់ចូលរួមសហការគ្នាក្នុងការគ្រប់គ្រង និងកាត់បន្ថយសំណល់ប្លាស្ទិក ដើម្បីធានាបាននូវបរិស្ថានឆ្នេរស្អាត ខ្យល់ អាកាសបរិសុទ្ធ និងរក្សាបាននូវភាពទាក់ទាញផ្នែកទេសចរណ៍ប្រកបដោយនិរន្តរភាពនាពេលខាងមុខ ព្រោះការកាត់បន្ថយសំណល់ប្លាស្ទិក ត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសបងប្អូនប្រជាពលរដ្ឋមូលដ្ឋានតែម្តង៕
ដោយ ងូ សុមុនី





