បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និងស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយត្រឡប់ទៅផ្ទះវិញប្រមាណ ៦០នាក់ ខណៈមន្រ្តីជំនាញក្រសួងបន្តចុះពិនិត្យផ្ទាល់ដល់មន្ទីរពេទ្យ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦---
គិតត្រឹមម៉ោង ៥ល្ងាច ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ បងប្អូនកម្មករប្រមាណ ៦០នាក់ បានសះស្បើយ និងវិលត្រឡប់ទៅផ្ទះវិញ ខណៈដែលអ្នករងរបួសទាំងធ្ងន់ និងស្រាលដែលកំពុងសម្រាកព្យាបាលមានសភាពល្អប្រសើរឡើងជារួម។ នេះតាមលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោក ស៊ុន មេសា បានលម្អិតថា សម្រាប់ករណីនៅខេត្តកំពង់ឆ្នាំង បងប្អូនកម្មករដែលបានត្រឡប់ទៅគេហដ្ឋានវិញចំនួន ៥០នាក់ ខណៈដែលអ្នករបួសធ្ងន់ចំនួន ៩នាក់ និងអ្នករបួសស្រាលចំនួន ១៤នាក់ ដោយបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ដោយឡែកករណីខេត្តស្វាយរៀង បងប្អូនកម្មករដែលត្រឡប់ទៅគេហដ្ឋានវិញមាន ៩នាក់ ខណៈដែលអ្នករងរបួសធ្ងន់ ៣នាក់ ក្នុងនោះម្នាក់ត្រូវបានគ្រួសារបញ្ជូនទៅព្យាបាលនៅវៀតណាម ហើយអ្នករងរបួសស្រាល ២៥នាក់ ដោយបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យ។


បើតាមអ្នកនាំពាក្យដដែលរូបនេះ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញក្រោមឱវាទ នៅតែបន្តសម្របសម្រួល តាមដាន និងសួរសុខទុក្ខ ហើយជួយយកអាសាកម្មកររងគ្រោះនៅតាមមន្ទីរពេទ្យនានា។
ក្នុងពេលចុះសួរសុខទុក្ខ និងពិនិត្យនៅតាមមន្ទីរពេទ្យជាតិក្នុងរាជធានីភ្នំពេញ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានពាំនាំការផ្តាំផ្ញើរសួរសុខទុក្ខរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវជូនទៅកាន់ក្រុមគ្រួសារ និងបងប្អូនកម្មករដែលកំពុងសម្រាកព្យាបាលដែលលោកទាំងទ្វេ តែងតែយកចិត្តទុកដាក់ចំពោះបងប្អូនកម្មករជាប្រចាំ។


សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ចំនួន ២ករណី ដែលបានកើតឡើងព្រមគ្នានៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅខេត្តកំពង់ឆ្នាំង និងខេត្តស្វាយរៀងនេះ បណ្តាលឱ្យបងប្អូនកម្មករនិយោជិត ១៤នាក់បានបាត់បង់ជីវិត និងប្រមាណ ១០០នាក់ផ្សេងទៀត បានរងរបួសធ្ងន់ និងស្រាល៕
ដោយ៖ប៊ុនរិទ្ធ





