ព្រះមន្រ្តីសង្ឃខេត្តសៀមរាបនាំយកស្បៀងអាហារទៅផ្តល់ជូនកងទ័ពជួរមុខក្នុងខេត្តឧត្តរមានជ័យ
AKP សៀមរាប ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦-- ព្រះមន្រ្តីសង្ឃខេត្តសៀមរាប ដឹកនាំដោយព្រះធម្មានុរ័ក្ខញាណ ស៊ុម ពិសិទ្ធ ព្រះសមុហ៍គណខេត្តសៀមរាប នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ បាននាំយកស្បៀងអាហារមាន ទឹកសុទ្ធ ត្រីឆ្អើរ មី ប្រហុកគ្រឿង ស្ករស ទឹកដោះគោ រួមជាមួយសម្ភារៈមួយចំនួនទៀត យកទៅផ្តល់ជូនដល់កងទ័ពជួរមុខតាមខ្សែបន្ទាត់ព្រំដែនស្ថិតនៅក្នុង ខេត្តឧត្តរមានជ័យ។
ព្រះធម្មានុរ័ក្ខញាណ ស៊ុម ពិសិទ្ធ បានមានសង្ឃដីកាថា ក្នុងស្មារតីខ្មែររួបរួមសាមគ្គីគ្នា លើកទឹកចិត្តដល់បងប្អូនកងទ័ពដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែនការពារបូរណភាពទឹកដីពីការឈ្លានពានរបស់បប្រទេសថៃប្រជាពលរដ្ឋខ្មែរ ក៏ដូចជាព្រះសង្ឃ តែងតែបានចូលរួមលើកទឹកចិត្តដល់កងទ័ព ដែលមានដូចជា ជួយស្បៀងអាហារ សម្ភារៈប្រើប្រាស់ ជូនដល់កងទ័ពជាបន្តបន្ទាប់។


ការផ្តល់ជូននូវស្បៀងអហារ និងសម្ភារៈទាំងនេះ មិនមែនថា រាជរដ្ឋាភិបាលខ្វះខាតនោះទេ តែជាការចូលរួមជួយឧបត្ថម្ភបន្ថែម ។ ព្រះអង្គបានបន្ថែមថា យើងពិតជាមានមោទកភាពចំពោះវីរកងទ័ព ដែលពោរពេញដោយឆន្ទៈ មនសិការ ស្មារតីក្លាហាន និងសេចក្តីស្មោះត្រង់ចំពោះជាតិ មាតុភូមិ ពួកគាត់សុខចិត្តយកទ្រូងពាំងគ្រាប់រំសេវ និងអាវុធគ្រប់ប្រភេទ ប្តូរយកសុខសន្តិភាពជូនប្រជាជនកម្ពុជាទាំងមូល ដែលយើងអាចសម្រាន្តលក់ ហូបឆ្ងាញ់ ប្រកបដោយស្នាមញញឹម និងភាពកក់ក្តៅជាមួយក្រុមគ្រួសារ។ ព្រះអង្គបានសម្តែងការដឹងគុណជានិច្ចចំពោះកងទ័ពទាំងអស់ ហើយចងចាំជានិច្ចនូវគំរូវីរភាពមិនអាចកាត់ថ្លៃបាននេះជារៀងរហូត៕


ដោយ ឃុត សៅ





