ពិធីបើកវគ្គបណ្ដុះបណ្ដលពេទ្យសង្គ្រោះ និងបំប៉នជំនាញភស្តុភារ យន្តយុទ្ធ ឆ្នាំ២០២៦ របស់កងឯកភាពចំណុះសមភូមិទិសទី៣ យោធភូមិភាគទី៤
AKP ភ្នំពេញ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២៦--ឯកឧត្តម ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ ប្រធានគណៈបញ្ជាការឯកភាពសមរភូមិទិសទី៣ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺននៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ២ នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក កែវ ធី បានថ្លែងថា ចំពោះគណៈកម្មការដឹកនាំការងារហ្វឹកហ្វឺន និងការិយាល័យហ្វឹកហ្វឺន ត្រូវអនុវត្តន៍តាមបទបញ្ជា និងផែនការរបស់រាជរដ្ឋាភិបាល។ វគ្គហ្វឹកហ្វឺនដ៏មានសារៈសំខាន់នេះ សំដៅបណ្ដុះបណ្ដាលសមត្ថភាពដល់សិក្ខាកាម នាយទាហាន ពលទាហាន នាយនគរបាល និងពលនគរបាល ឱ្យក្លាយជាកងយោធពលខេមរភូមិន្ទ អគ្គស្នងការនគរបាលជាតិឱ្យមានវិជ្ជាជីវៈច្បាស់លាស់ មានសមត្ថភាពបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងកិច្ចការពារសុខសន្តិភាពជូនប្រទេសជាតិ ការពារភាពសុខសាន្តជូនប្រជាជន ពង្រឹងខឿនការពារជាតិរបស់ប្រជាជន ការពារឱ្យបានរឹងមាំនូវអធិបតេយ្យបូរណភាពទឹកដីនៃមាតុភូមិ និងចូលរួមរក្សាប្រក្រតីភាពព្រំដែន កសាង «ព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ»។

ឧត្តមសេនីយ៍ឯក កែវ ធី បានផ្តាំផ្ញើដល់សិក្ខាកាមត្រូវខិតខំយកការហ្វឹកហាត់រៀនសូត្រអនុវត្ត និងចែករំលែកបទពិសោន៍ល្អៗដល់បងប្អូនពេលវិលចូលអង្គភាពវិញ ដើម្បីទទួលបានជោគជ័យលទ្ធផលល្អ និងបន្តក្រើនរំលឹកណែនាំមួយចំនួនទៀតដែលជាកត្តាចាំបាច់ដែលធ្វើឱ្យជោគជ័យដល់ការបណ្តុះបណ្តាលធនធានមនុស្សនៃកងយោធពលខេមរភូមិន្ទ មានដូចជា អ្នកចេះច្រើនត្រូវបង្រៀនអ្នកចេះតិច ,អ្នកចេះតិចត្រូវបង្រៀនអ្នកមិនចេះសោះ និងយើងទាំងអស់គ្នាហ្វឹកហ្វឺនមិនមែនដើម្បីហ្វឹកហ្វឺននោះទេ គឺហ្វឹកហ្វឺនដើម្បីទទួលចំណេះដឹង ចំណេះធ្វើយកទៅបំពេញភារកិច្ចតាមតួនាទីរៀងៗខ្លួនប្រកបដោយប្រសិទ្ធភាព និងទទួលបានជោគជ័យ ដោយត្រូវមានសាមគ្គីភាព និងឯកភាពផ្ទៃក្នុង។

ជាចុងក្រោយ តំណាងសិក្ខាកាមឡើងប្ដេជ្ញាចិត្តខិតខំរក្សាការពារសន្តិភាព ជាតិ សាសនា ព្រះមហាក្សត្រ ប្ដេជ្ញាការពារសម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីស្របច្បាប់ដែលប្រសូតចេញពីការបោះឆ្នោតដ៏ត្រឹមត្រូវយុត្តិធម៌ ចូលរួមអនុវត្តឱ្យបានជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល និងខិតខំយកចំណេះដឹងហ្វឹកហាត់ រៀនសូត្រ គោរពវិន័យ ចេះសាមគ្គីភាព ទៅបំពេញការងារតាមអង្គភាព និងបានប្ដេជ្ញាដាច់ខាតត្រូវជៀសឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន៕

ដោយ៖ សំ សាម៉ន (ប្រភព៖ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ)





