អាជ្ញាធរជាតិអប្សរាចុះរៀបចំសណ្តាប់ធ្នាប់អាជីវករលក់ដូរនៅបរិវេណខាងលិចប្រាសាទអង្គរវត្ត
AKP សៀមរាប ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦--អាជ្ញាធរជាតិអប្សរាសហការជាមួយអាជ្ញាធរដែនដីក្រុងសៀមរាប និងនគរបាលការពារបេតិកភណ្ឌ បានចុះរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ របស់បងប្អូនអាជីវករលក់ដូរចំនួន៣ទីតាំង គឺបរិវេណខាងត្បូងកសិន្ទុប្រាសាទអង្គរវត្តចំណតរថយន្តខាងមុខភាគខាងលិចប្រាសាទអង្គរវត្ត និងបរិវេណជុំវិញត្រពាំងសេះ ដែលតំបន់ទាំងនោះមានការចតរថយន្តគ្មាន សណ្តាប់ធ្នាប់ ការលក់ដូរមានភាពរញ៉េរញ៉ៃ និងការទុកដាក់សំរាមមានភាពរប៉ាត់រប៉ាយធ្វើឱ្យខូចខាតបរិស្ថានក្នុងតំបន់ទេសចរណ៍ជាប្រវត្តិសាស្រ្តមួយនេះ។

លោក ហ៊ុយ បួយ អនុប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងនារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦នេះថា ការចុះរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយនៅតំបន់អង្គរនេះ បានចាប់ផ្តើមធ្វើ ឡើងតាំងពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦មក និងបន្តធ្វើគ្រប់ទីតាំងផ្សេងទៀតនៃតំបន់អង្គរ ដោយលោកបានបញ្ជាក់ថា ការងារទាំងអស់ខាងលើនេះដែរ អាជ្ញាធរជាតិអប្សរា តែងធ្វើឡើងជាប្រចាំនៅតាមទីតាំងផ្សេងៗគ្នាក្នុងតំបន់អង្គរ ដើម្បីចូលរួមលើកតម្លៃសោភ័ណ្ឌភាព បរិស្ថាន និងសណ្តាប់ធ្នាប់ ក្នុងការប្រកបអាជីវកម្មរបស់បងប្អូនប្រជាពលរដ្ឋក្នុងរមណីយដ្ឋានអង្គរ។

លោក ហ៊ុយ បួយ បានឱ្យដឹងទៀតថា អាជ្ញាធរជាតិអប្សរានឹងបន្តសហការជាមួយផ្នែកពាក់ព័ន្ធលើកិច្ចការងារនេះឱ្យបានជាប់ជាប្រចាំ និងសូមអំពាវនាវដល់បងប្អូនអាជីវករទាំងអស់ មេត្តាចូលរួមសហការដោយស្ម័គ្រចិត្ត ដើម្បីចូលរួមចំណែកថែរក្សាអនាម័យ បរិស្ថាន និងរក្សាសណ្តាប់ធ្នាប់ ក្នុងការប្រកបអាជីវកម្មរបស់ខ្លួន និងលើកតម្លៃក្នុងតំបន់រមណីយដ្ឋានអង្គរ៕
ដោយ ហង្ស សៀក





