ឯកឧត្តម ប៉ែន បូណា៖ កម្ពុជាបានធ្វើកំណត់ទូតតវ៉ាលើករណីថៃបំផ្លាញប្រាសាទ និងបង្ហាញជំហរដោះស្រាយវិវាទដោយសន្តិវិធី
AKP ភ្នំពេញ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦--ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី២២ ខែឧសភា បានរៀបចំបទបង្ហាញមួយជូនដល់ប្រធាននិងតំណាងបេសកកម្មការទូត និងអង្គការអន្តរជាតិប្រចាំកម្ពុជាចំនួន ៤៤ រូប។ នេះបើតាមការថ្លែងរបស់ អ្នកនាំពាក្យរាជរដ្ឋាភិបាល។
បទបង្ហាញនេះរៀបចំដោយលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីបង្ហាញពីការបំផ្លិចបំផ្លាញធ្ងន់ធ្ងរដល់ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ក៏ដូចជាការគ្រប់គ្រងនិងការធ្វើសកម្មភាពខុសច្បាប់របស់ថៃនៅតំបន់ប្រាសាទមាន់ធំ តាក្របី និងប្រាសាទខ្នារ ដែលស្ថិតនៅក្នុងដែនអធិបតេយ្យកម្ពុជា។
ក្នុងការធ្វើ សេចក្ដីថ្លែងការណ៍៖ បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង» ថ្ងៃសៅរ៍ ៧កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងបញ្ជាក់ជុំវិញករណីខាងលើថា «កម្ពុជាបានធ្វើកំណត់ទូតតវ៉ា ប្រឆាំងដាច់ខាតចំពោះសកម្មភាពខុសច្បាប់របស់ថៃដែលប៉ុនប៉ងបង្កើតស្ថានភាពជាក់ស្តែងនៅលើដី។ កម្ពុជាក៏បានបង្ហាញជំហរដោះស្រាយវិវាទដោយសន្តិវិធីដោយអនុលោមតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី ដើម្បីរក្សាសុខសន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរក៏ដូចជាសម្រាប់តំបន់អាស៊ានទាំងមូល»៕

ដោយ៖ គង់ សិរីរ័ត្ន





