ប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិហូកា លើជំនាញសេវាកម្មម្ហូបអាហារ ភេសជ្ជៈ ចុងភៅ គេហកិច្ច និងជំនាញការិយាល័យជួរមុខ
AKP កំពង់ធំ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦--ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍និងជាប្រធានគណៈកម្មការ
គ្រប់គ្រងគម្រោងហូកា តំណាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិ ហូកា និងពិធីប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលលើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញចុងភៅ ជំនាញគេហកិច្ច និងជំនាញការិយាល័យជួរមុខកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំប្រាសាទសំបូរព្រៃគុក នៃរដ្ឋបាលខេត្តកំពង់ធំ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក ហាន កុសល អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ លោកជំទាវឧកញ៉ា ឆាយ ស៊ីវលីន ប្រធានសមាគមន៍ទេសចរណ៍កម្ពុជា (CATA) លោក ឡាយ ច័ន្ទធារ៉ា ប្រធានក្រុមផ្នែកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ មូលនិធិអភិវឌ្ឍន៍ជំនាញ លោកបណ្ឌិត ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ មន្ទីរអង្គភាពជុំវិញខេត្តកំពង់ធំ នាយកសាលា ក្រុមការងារ នៃវិទ្យាស្ថានពហុបច្ចេកទេសខេត្ត គ្រូបង្គោល និងសិក្ខាកាម ហូកា ប្រតិបត្តិករទេសចរណ៍ក្នុងខេត្តកំពង់ធំ ក្រុមការងារ សមាគមនទេសចរណ៍កម្ពុជា(CATA) និងក្រុមការងារលេខាការដ្ឋាន។

លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានលើកឡើងថា អាជីវកម្ម/សេវាកម្មទេសចរណ៍ដែលកំពុងបម្រើសេវាកម្មក្នុងខេត្តកំពង់ធំរួមមាន៖ការីទេសចរណ៍(នាំភ្ញៀវចូល) ១ទីតាំង មគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់សហគមន៍ ១២នាក់(សហគមន៍ទេសចរណ៍សំបូរព្រៃគុក) សណ្ឋាគារ ៨ទីតាំង មានចំណុះ៣៥៣បន្ទប់ ផ្ទះភ្ញៀវ៦៨ទីតាំង មានចំណុះ៩៣៩បន្ទប់ ផ្ទះស្នាក់សហគមន៍២ទីតាំង (សហគមន៍ទេសចរណ៍សំបូរព្រៃគុក និងស្រុកបារាយណ៍)ភោជនីយដ្ឋាន/អាហារដ្ឋាន២០ទីតាំង មណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ២៩ទីតាំង ម៉ាស្សាសុខភាព ៧ទីតាំង កីឡាស្នូកយ័រ១៤ទីតាំង ផ្ទះជួលបន្ទប់ស្នាក់នៅ ៨៩ទីតាំង។ អាជីវកម្ម/សេវាកម្មទេសចរណ៍ទាំងនេះបានផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋដោយផ្ទាល់១៥៤៨នាក់ (ស្រី៨៩៤នាក់) និងដោយប្រយោលជាច្រើនទៀត ។
លោក ហាន កុសល បានមានប្រសាសន៍ថា វិស័យទេសចរណ៍កំពុងដើរតួយ៉ាងសំខាន់នៅក្នុង ខេត្តកំពង់ធំ ជួយជំរុញសេដ្ឋកិច្ច បង្កើតការងារ និងលើកស្ទួយវប្បធម៌ប្រពៃណីខ្មែរ។ ខេត្តនេះមានសក្តានុពលទេសចរណ៍យ៉ាងច្រើន ជាពិសេសតំបន់ប្រវត្តិសាស្ត្រ និងធម្មជាតិដ៏សម្បូរបែប។ ប្រាសាទសំបូរព្រៃគុក ដែលជាបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនមកទស្សនា។ លើសពីនេះ ទេសចរណ៍ក៏ជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដូចជា ផ្លូវថ្នល់ សណ្ឋាគារ ភោជនីយដ្ឋាន និងសេវាកម្មផ្សេងៗ ដែលធ្វើឱ្យជីវភាពប្រជាពលរដ្ឋក្នុងតំបន់កាន់តែប្រសើរ។ ខេត្តកំពង់ធំក៏មានសក្តានុពលអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ ដែលអាចបង្កើនចំណូលដល់ប្រជាជនមូលដ្ឋាន និងការពារធនធានធម្មជាតិផងដែរ។

ឯកឧត្តម ប៉ាក់ សុខុម បានគូសបញ្ជាក់ថា លទ្ធផលការងារវិស័យទេសចរណ៍ មហាគ្រួសារវិស័យទេសចរណ៍បានដាក់ចេញយុទ្ធសាស្រ្តគន្លឹះ។តាមចំនួន៦រួមមាន៖១.ការពង្រឹងយុទ្ធសាស្ត្រសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស តាមរយៈ ការលើកកម្ពស់កិត្តិមានកម្ពុជាលើឆាកអន្តរជាតិ។ ២.ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិជាតិ និងអន្តរជាតិ។ ៣.ការសម្រួលការធ្វើដំណើរចូល-ចេញប្រទេសកម្ពុជា និងការតភ្ជាប់ការធ្វើដំណើរ។ ៤.ការគ្រប់គ្រងគុណភាពឧស្សាហកម្មទេសចរណ៍។ ៥.ការអភិវឌ្ឍផលិតផលទេសចរណ៍ឱ្យសម្បូរបែប និងមានភាពទាក់ទាញនិហ៦.ការផ្សព្វផ្សាយទេសចរណ៍ក្នុងស្រុក និងការរៀបចំព្រឹត្តិការណ៍ទេសចរណ៍។

ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការពន្យល់ ការណែនាំ ការបង្វឹក និងការចែករំលែកបទពិសោធន៍ពី សំណាក់លោកគ្រូអ្នកគ្រូប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីទទួលបានចំណេះដឹង សមត្ថភាពជំនាញវិជ្ជាជីវៈ ។ ត្រូវអភិវឌ្ឍសមត្ថភាពជំនាញទន់ដែលចាំបាច់ជាអាទិ៍រួមមាន៖ ជំនាញភាសា ជំនាញបច្ចេក វិទ្យាឌីជីថល និងជំនាញសហគ្រិនភាព ដែលជាការចាំបាច់មិនអាចខ្វះបាន ការចូលរួមការពង្រឹងសមត្ថភាព ចំណេះដឹង ជំនាញវិជ្ជាជីវៈនិងជាពិសេសការអភិវឌ្ឍវិថីអាជីពការងារ របស់ខ្លួននាពេលអនាគតក្នុងវិស័យទេសចរណ៍៕
ដោយ ស៊ុម វណ្ណា





