មន្ទីរព័ត៌មានខេត្តតាកែវ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភាឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តការងារបន្ត
AKP តាកែវ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦-- មន្ទីរព័ត៌មានខេត្តតាកែវ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ2026 និងលើកទិសដៅអនុវត្តការងារបន្ត។អញ្ជើញជាអធិបតីក្នុងពិធីនោះដោយលោក ពៅ សុខន ប្រធានមន្ទីរព័ត៌មាន ខេត្តតាកែវ ព្រមទាំងមានការអញ្ជើញចូលរួមពី លោកអនុប្រធានមន្ទីរព័ត៌មានខេត្តតាកែវ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យជំនាញ មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យា ចូលរួមជាច្រើនរូបផងដែរ។កិច្ចប្រជុំនេះរៀបចំឡើងនៅសាលប្រជុំ មន្ទីរព័ត៌មានខេត្តតាកែវ កាលពីព្រឹកថ្ងៃសុក្រទី២២ ខែឧសភា ឆ្នាំ២០២៦។

មានប្រសាសន៍សំណេះសំណាលក្នុងពិធីនោះ លោក ពៅ សុខន ប្រធានមន្ទីរព័ត៌មានខេត្តតាកែវ បានធ្វើការណែនាំនិងជំរុញទៅដល់មន្ត្រីជំនាញទាំងអស់ ឱ្យបង្កើនសកម្មភាពផ្សព្វផ្សាយ និងត្រៀមផលិតកម្មវិធី ដែលរំលេចពីសក្កានុពលរបស់ខេត្តតាកែវ ដើម្បីជំរុញការផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយថែមទៀត ។

លោកប្រធានមន្ទីរព័ត៌មានខេត្តតាកែវបានមានប្រសាសន៍បន្តថា ការិយាល័យជំនាញទាំងអស់ ត្រូវរៀបចំផលិតកម្មវិធីថ្មីៗ ពិសេសផលិតកម្មវិធី សក្កានុលពលខេត្ត ដោយផ្តោតសំខាន់លើតំបន់ទេសចរណ៍ វប្បធម៌ តំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ និងបេតិកភណ្ឌដូនតាដ៏អស្ចារ្យ ក៏ដូចជាវិស័យកសិកម្ម លើម្ហូបអាហារសក្កានុពលរបស់ខេត្តតាកែវ គឺបង្កងនិងពងទាកូន។ពិសេសគឺផ្សព្វផ្សាយអំពីសមិទ្ធផល ដែលថ្នាក់ដឹកនាំរដ្ឋបាលខេត្ត លោកបានខិតខំប្រឹងប្រែងធ្វើការអភិវឌ្ឍន៍ ពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរ ។

លោក ពៅ សុខន បានមានប្រសាសន៍បន្ថែមដោយជំរុញ ឱ្យមន្ត្រីព័ត៌មានទាំងអស់ ត្រូវបង្កើនល្បឿន នៃការផ្ដល់ព័ត៌មានឱ្យបាន ច្រើន សម្បូរបែប និងរហ័សទាន់ហេតុការណ៍។លោកបានសង្កត់ធ្ងន់ថា មន្ត្រីម្នាក់ៗត្រូវយល់ច្បាស់ពីតួនាទីខ្លួនជា "ស្ពានចម្លងព័ត៌មាន" រវាងរដ្ឋបាលខេត្តនិងប្រជាពលរដ្ឋ ដែលទាមទារឱ្យមានវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។

លោក ពៅ សុខន ក៏បានផ្ដាំផ្ញើដល់មន្ត្រីរាជការទាំងអស់ ត្រូវបន្តខិតខំអភិវឌ្ឍសមត្ថភាពលើ "បច្ចេកវិទ្យាផ្សព្វផ្សាយថ្មីៗ" និងត្រូវសហការគ្នាជាធ្លុងមួយ ដើម្បីធានាឱ្យកិច្ចការងារព័ត៌មានក្នុងខេត្តតាកែវ កាន់តែមានប្រសិទ្ធភាព គុណភាព និងទទួលបានការជឿទុកចិត្តខ្ពស់ពីមិត្តអ្នកអាន មិត្តអ្នកស្ដាប់ នៅគ្រប់ទីកន្លែង៕
ដោយ អ៊ុច សៀង





