ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំងចូលរួមកិច្ចប្រជុំពេញអង្គគណ:រដ្ធមន្រ្តី តាមរយ:វីដេអូ Zoom
AKP កំពង់ឆ្នាំង ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦-- ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំពេញអង្គគណ:រដ្ធមន្រ្តីតាមរយ:វីដេអូរZoom នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ធមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ពិធីនេះដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង អភិបាលរងខេត្ត លោក លោកស្រី មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក មេបញ្ជាការកងកម្លាំងទាំងបី និងមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្តជាច្រើននាក់ផងដែរ។
ក្នុងឱកាសនោះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានដកស្រងខ្លឹមសារក្នុងអង្គប្រជុំ លើរបៀបវារៈសំខាន់ៗរួមមាន៖ ១.សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តន៍វិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥។
២.សេចក្តីព្រាងរបាយការណ៍តាមដាននិងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ឆ្នាំ២០២៥។ ៣.សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់។ ៤.អនុវត្តតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams)។

ទន្ទឹមនឹងនេះឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍ថា អាជ្ញាធរមូលដ្ឋានក្រុង ស្រុក និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ទីរពាក់ព័ន្ធ ត្រូវបន្តខិតខំប្រឹងប្រែងចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅមូលដ្ឋាន ជាពិសេសត្រូវបន្តសកម្មភាពបង្ក្រាប និងទប់ស្កាត់រាល់បទល្មើស ដែលកំពុងតែកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ។ ជាពិសេសគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទនិងទប់ស្កាត់បណ្តាញឧក្រិដ្ឋកម្ម គឺជាផ្នែកមួយនៃសកម្មភាពអនុវត្តច្បាប់យ៉ាងទូលំទូលាយ ដើម្បីបង្ក្រាបក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams)ឱ្យមានប្រសិទ្ធិភាព។ ត្រូវបន្តពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់តាមទីសាធារណ: និងនៅតាមមូលដ្ឋានដើម្បីទទួលបាននូវសុខសុវត្ថិភាព ផ្សាភ្ជាប់ទៅនឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។


ឯកឧត្តមប្រធានក្រុមប្រឹក្សាបានបញ្ជាក់ទៀតថា វិធានការកែទម្រង់ដ៍មុតស្រួចនេះបានបញ្ជាក់ក្នុងវេទិការាជរដ្ឋាភិបាល តាមរយៈកិច្ចប្រជុំឆ្លុះបញ្ចាំងនូវមតិយោបល់ល្អៗ ប្រកបដោយ ក្រមសីលធម៌វិជ្ជាជីវៈ ពីសំណាក់ឯកឧត្តម លោកជំទាវសមាជិកសមាជិកា លោកលោកស្រីជាថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់បានបង្ហាញឲ្យឃើញថា ដំណើរការនៃកិច្ចប្រជុំពេញអង្គ ប្រព្រឹត្តទៅតាមលំដាប់លំដោយ និងទទួលបានលទ្ធផលល្អតាមការគ្រោងទុក។ គោលនយោបាយ ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ៕
ដោយ បៃ ស៊ីថុន





