មន្ទីរបរិស្ថានខេត្តកំពត និងអង្គការ NatureLife រៀបចំកម្មវិធីទិវាជីវៈចម្រុះអន្តរជាតិ នៅអនុវិទ្យាល័យថ្មបើក ស្រុកកំពង់ត្រាច
AKP ភ្នំពេញ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២៦--នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦នេះ អង្គការជីវិតធម្មជាតិនៅកម្ពុជា NatureLife បានចូលរួមសហការជាមួយមន្ទីរបរិស្ថានខេត្តកំពតបានរៀបចំកម្មវិធីទិវាជីវៈចម្រុះអន្តរជាតិ ២២ ឧសភា ឆ្នាំ២០២៦ ដែលរៀបចំនៅបរិវេណសាលាបឋមសិក្សានិងអនុវិទ្យាល័យថ្មបើក ស្រុកកំពង់ត្រាច ខេត្តកំពត។ ទិវាជីវៈចម្រុះអន្តរជាតិឆ្នាំ២០២៦នេះ បានប្រារព្ធឡើងក្រោមប្រធានបទ «អនុវត្តសកម្មភាពជាតិ ដើម្បីសម្រេចលទ្ធផលសកល»។

ក្នុងកម្មពិធីនោះ មានការសម្ដែងដើរម៉ូតក្រោមប្រធានបទ «ផ្តើមពីអ្នកក្នុងការការពារអន្លង់ព្រីង» ដែលបានបង្ហាញពីសារៈសំខាន់នៃតំបន់ដីសើមអន្លង់ព្រីង និងការធ្វើកសិកម្មដោយមាននិរន្តភាពដើម្បីបានជាផលប្រយោជន៍ដល់ជីវិភាពសហគមន៍និងជីវចម្រុះជាពិសេសសត្វក្រៀលដែលជាប្រភេទកំពុងរងគ្រោះឈានទៅជិតផុតពូជ។

ការសម្តែងនេះក៏បានឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំពុលគីមីកសិកម្ម និងសំណល់ប្លាស្ទិក ដែលបំផ្លាញសុខភាពមនុស្ស សត្វ និងបរិស្ថាន។ ជាចុងក្រោយ ខ្លឹមសារនៃរឿងបានលើកទឹកចិត្តឱ្យសហគមន៍ និងសិស្សានុសិស្ស ចូលរួមការពារបរិស្ថាន អនុវត្តវិធានកសិកម្មមេត្រីភាពសត្វព្រៃ(ស្រូវក្រៀល) និងថែរក្សាតំបន់ដីសើមសម្រាប់កូនចៅសហគមន៍ជំនាន់ក្រោយនិងទាក់ទាញទេសចរណ៍ជាតិនិអន្តរជាតិ។

ការប្រារព្ធទិវានេះ ក្រោមអធិបតីភាពលោក អេង ប៉ូឡូ ប្រធានមន្ទីរបរិស្ថានខេត្តកំពត និងសហការី លោកអភិបាលរងនៃគណៈអភិបាលស្រុកកំពង់ត្រាច និងសហការី តំណាងអង្កការដៃគូ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងភាគីពាក់ព័ន្ធ សរុបប្រមាណ ៣០០នាក់។ សូមអរគុណ International Crane Foundation ដែលគាំទ្រហិរញ្ញវត្ថុដល់សកម្មភាពអប់រំផ្សព្វផ្សាយតាមរយៈអង្គការជីវិតធម្មជាតិនៅកម្ពុជា ៕
ដោយ ណយ នឿន (ប្រភព៖NatureLife)





