អង្គការ WWT រៀបចំសិក្ខាសាលាស្តីពី «គម្រោងអេកូទេសចរណ៍ធម្មជាតិនៅ តំបន់ការពារទេសភាពអន្លង់ព្រីង»
AKP ភ្នំពេញ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦--អង្គការ WWT ប្រចាំប្រទេសកម្ពុជា សហការជាមួយសមាជិកសហគមន៍ អាជ្ញាធរមូលដ្ឋាន និងដៃគូពាក់ព័ន្ធ បានរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងមួយស្តីពី «គម្រោងអេកូទេសចរណ៍ធម្មជាតិនៅតំបន់ការពារទេសភាពអន្លង់ព្រីង» ដើម្បីឆ្លុះបញ្ចាំងនូវសមិទ្ធផល បញ្ហាប្រឈម និងមេរៀនដែលទទួលបានក្នុងការលើកកម្ពស់សេវាកម្មទេសចរណ៍ធម្មជាតិប្រកបដោយនិរន្តរភាពដែលផ្សារភ្ជាប់នឹងការអភិរក្សជម្រកជីវចម្រុះនៅក្នុងតំបន់ដីសើម។

ប្រភពពីអង្គការ WWT បានឱ្យដឹងនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦នេះថា អ្នកចូលរួមបានគូសបញ្ជាក់ពីសារៈសំខាន់នៃការប្តេជ្ញាចិត្តក្នុងការពង្រឹងភាពជាម្ចាស់របស់សហគមន៍ ការកែលម្អសេវាកម្មទេសចរណ៍ និងការបង្កើនកិច្ចខិតខំប្រឹងប្រែងអភិរក្ស និងការពារជម្រកសត្វក្រៀលដែលកំពុងរងការគំរាមកំហែងជាសកល និងប្រភេទសត្វដទៃទៀតដែលស្ថិតក្នុងតំបន់នេះ។

សិក្ខាសាលានេះ ក៏បានផ្តល់ជាអនុសាសន៍សម្រាប់ការអនុវត្តន៍ គម្រោងអេកូទេសចរណ៌ ទៅថ្ងៃអនាគត ក្នុងគោលបំណងលើកកម្ពស់គុណភាពទេសចរណ៍ បង្កើនឱកាសប្រាក់ចំណូលរបស់សហគមន៍ និងធានាឱ្យមានការគ្រប់គ្រងប្រកបដោយនិរន្តរភាពរយៈពេលវែងនៅក្នុងតំបន់ការពារទេសភាពអន្លង់ព្រីង ។

សិក្ខាសាលានេះ មានការចូលរួមពីសិក្ខាកាមសរុបចំនួន ៣៥ នាក់ រួមមានសមាជិកសហគមន៍តំបន់ការពារធម្មជាតិ (CPA) អាជ្ញាធរឃុំនិងភូមិ តំណាងមន្ទីរបរិស្ថានខេត្ត អភិបាលស្រុកកំពង់ត្រាច និងបុគ្គលិកអង្គការ WWT ដើម្បីពិភាក្សាអំពីរបៀបដែលគម្រោងអេកូទេសចរណ៍ដឹកនាំដោយសហគមន៍ក្នុងការរួមចំណែកដល់ការការពារ អភិរក្សជីវៈចម្រុះ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនមូលដ្ឋាន៕
ដោយ ណយ នឿន (ប្រភព៖WWT)





