ឯកឧត្ដម ជា វ៉ាន់ដេត ដឹកនាំគណៈប្រតិភូ ចូលរួមកម្មវិធី Asia Tech x Singapore ឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦–
តបតាមការអញ្ជើញរបស់ លោកជំទាវ Josephine Teo រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ឌីជីថលនិងព័ត៌មាននៃប្រទេសសិង្ហបុរី ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានអញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមកម្មវិធី Asia Tech x Singapore ឆ្នាំ២០២៦ ចាប់ពីថ្ងៃទី១៩-២១ ខែឧសភា ឆ្នាំ២០២៦។

កម្មវិធីនេះជាកម្មវិធីបច្ចេកវិទ្យាឌីជីថលធំបំផុតប្រចាំឆ្នាំរបស់ប្រទេសសិង្ហបុរី ដែលមានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីទទួលបន្ទុកវិស័យឌីជីថលនៃបណ្ដាប្រទេសអាស៊ាន និងថ្នាក់ដឹកនាំក្រសួង ស្ថាប័នប្រទេសដៃគូ និងក្រុមហ៊ុនអន្តរជាតិធំៗ រួមមាន Amazon, Google, Nvidia និងក្រុមហ៊ុនបញ្ញាសិប្បនិម្មិតជាច្រើនទៀត។
ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍នេះ ឯកឧត្ដម រដ្ឋមន្ត្រី បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រសួងសារគមនាគមន៍និងកិច្ចការឌីជីថលនៃប្រទេសឥណ្ឌូនេស៊ី ដើម្បីស្វែងយល់អំពីវឌ្ឍនភាពថ្មីៗ ជាពិសេសអភិបាលកិច្ចក្នុងវិស័យឌីជីថលនៅប្រទេសឥណ្ឌូនេស៊ី ព្រមទាំងពិភាក្សាអំពីបរិវត្តកម្មឌីជីថលក្នុងវិស័យសាធារណៈដែលមានសម្ទុះអភិវឌ្ឍខ្លាំងក្នុងប្រទេសទាំងពីរ។ ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្រ្តីក៏បានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុន Google និងតំណាងក្រុមហ៊ុនផ្កាយរណប Amazon Leo ជួបសម្ដែងការគួរសមនិងពិភាក្សាការងារ។

ថ្លែងក្នុងកិច្ចពិភាក្សាតុមូលថ្នាក់រដ្ឋមន្ត្រី អាស៊ាន-អាម៉េរិក អំពីកិច្ចសហការបញ្ញាសិប្បនិម្មិត ដែលមានការចូលរួមពីរដ្ឋមន្រ្តីទទួលបន្ទុកឌីជីថលអាស៊ាន ឯកឧត្តម Jacob Helberg អនុរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច សហរដ្ឋអាម៉េរិក តំណាងអគ្គលេខាធិការដ្ឋានអាស៊ាន និងតំណាងជាន់ខ្ពស់របស់ក្រុមហ៊ុន Amazon, Google និង Nvidia ឯកឧត្តមរដ្ឋមន្រ្តីបានលើកអំពីវឌ្ឍនភាពការងារពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិតនៅកម្ពុជា មានជាអាទិ៍យុទ្ធសាស្រ្តជាតិស្តីពីបញ្ញាសិប្បនិម្មិត កម្មវិធីអក្ខរកម្មនិងការយល់ដឹកផ្នែកបញ្ញាសិប្បនិម្មិត ការជំរុញការចាប់យកបញ្ញាសិប្បនិម្មិត និងការពង្រឹងសមត្ថភាពផ្នែកទិន្នន័យ ធនធានគណនា និងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការស្រាវជ្រាវនិងអភិវឌ្ឍ តាមរយៈការបង្កើតមជ្ឈមណ្ឌលទិន្នន័យជាត និងមជ្ឈមណ្ឌលស្រាវជ្រាវបញ្ញាសិប្បនិម្មិតនិងវិទ្យាសាស្រ្តទិន្នន័យជាដើម។

កិច្ចសហការកម្រិតតំបន់លើការអភិវឌ្ឍវិស័យឌីជីថលកំពុងជំរុញសម្ទុះអភិវឌ្ឍវិស័យនេះទាំងក្នុងប្រទេសកម្ពុជា និងអនុញ្ញាតឱ្យកម្ពុជាក្លាយជាតួអង្គចូលរួមសកម្មក្នុងកិច្ចការឌីជីថលតំបន់អាស៊ាននិងអន្តរជាតិ ៕
ដោយ៖ ណយ នឿន (ប្រភព៖ក្រសួងប្រៃសណីយ៍)





