អភិបាលស្រុកស្ទោង៖ ការបើកពង្រីកផ្លូវចូលវិទ្យាល័យរស្មីសោភ័ណ គឺជាការចូលរួមចំណែលើកកម្ពស់វិស័យអប់រំ និងស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល
AKPកំពង់ធំថ្ងៃទី២១ខែឧសភាឆ្នាំ២០២៦--
លោកសាយ គឺមឡមអភិបាលស្រុកស្ទោងបានលើកឡើងថា ការបើកពង្រីកផ្លូវចូលវិទ្យាល័យរស្មីសោភ័ណ គឺជាការចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ និងស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងឱកាសដែលលោកនិងសហការីអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការបើកពង្រីកផ្លូវចូលវិទ្យាល័យរស្មីសោភ័ណស្ថិតនៅក្នុងភូមិសាមក្អោកឃុំទ្រាស្រុកស្ទោង ខេត្តកំពង់ ធំនាព្រឹកថ្ងៃទី២១ ខែឧសភឆ្នាំ២០២៦។
លោកអភិបាលស្រុកបានសង្កត់ធ្ងន់ថាផ្លូវថ្មីនេះលើសពីសោភ័ណភាពការធ្វើដំណើរបានស្រួលនិងសុវត្ថិភាពវាក៏ជាប្រព័ន្ធរំដោះទឹកកុំឱ្យជន់លិចទីរួមស្រុកស្ទោង ក៏ដូចជាវិទ្យាល័យ រស្មីសោភ័ណ ព្រោះមានប្រព័ន្ធប្រឡាយរំដោះទឹកនៅអមសងខាងផងដែរដែលកន្លងមកតែងតែរងគ្រោះពីគ្រោះធម្មជាតិទឹកជំនន់ជារឿយៗនិងបង្កការរំខានដល់ការសិក្សារៀនសូត្ររបស់សិស្សានុសិស្សថែមទៀត។
ទន្ទឹមនឹងនេះលោកអភិបាលស្រុកបានអំពាវនាវដល់លោកនាយក លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងសាធារណៈជនសូមជួយថែរក្សាការពារនូវ សមិទ្ធផលដ៏ថ្មីស្រឡាងនេះដើម្បីទុកជាប្រយោជន៍រួមរបស់ស្រុកស្ទោង និងជាសម្បត្តិសាធារណៈរបស់រដ្ឋផងដែរ ហើយធានាបាននូវសោភ័ណភាពស្រស់បំព្រង មានបរិស្ថានល្អ និងគុណភាពយូរអង្វែងថែមទៀត។


ទន្ទឹមនឹងនេះលោកសាយ គឹមឡមអភិបាលស្រុកស្ទោងបានអំពាវបន្ថែមថែមទៀតដល់សាធារណៈជន ជាពិសេសអ្នកទីរួមស្រុកស្ទោង សូមអញ្ជើញទៅចូលរួមធ្វើលំហាត់ប្រាណ ដើម្បីថែរក្សាសុខភាពឱ្យបានមាំទាំ និងជាប់ជាប្រចាំ ព្រោះនៅទីនេះមានបរិស្ថានល្អប្រកបដោយសុខសុវត្ថិភាព ជាមួយអនុស្សាវរីយ៍ចាស់ថ្មីថែមទៀត។
សូមបញ្ជាក់ថាការបើកពង្រីកផ្លូវនេះគឺលោកអភិបាលស្រុកបានធ្វើតាមសន្យាដែលលោកបានសន្យាកាលពីពេលថ្មីៗកន្លងទៅនេះដែលជាថវិការបស់លោកផ្ទាល់ ដែលមានទទឹងម្ខាង៥ម៉ែត្រ ប្រវែងជិត៣០០ម៉ែត្រមានដាក់បំពាក់សូឡាអមសងខាង ដាំដើមឈើលម្អប្រណីតជាង១០០ដើម ថែមទាំងដាក់ក្រាលថ្មមិច។វិទ្យាល័យរស្មីសោភ័ណ្ឌមានគ្រូសរុប៦២ នាក់(ស្រី២៤នាក់)សិស្សសរុប ២៣៣០នាក់ (ស្រី១២៦៣នាក់)៕


ដោយ៖ ស៊ុម វណ្ណា





