ផ្សព្វផ្សាយសភាពការណ៍ជាតិ អន្តរជាតិ និងពង្រឹងតួនាទីភារកិច្ចកងយោធពលខេមរភូមិន្ទ ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានកងទ័ពជើងគោក
AKP ភ្នំពេញ ថ្ងៃទី២១ ខែឧសភាឆ្នាំ២០២៦–ឯកឧត្ដម ឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា នាយរងសេនាធិការ នាយការិយាល័យទី៥ កងទ័ពជើងគោក បានផ្សព្វផ្សាយសភាពការណ៍ ជាតិ អន្តរជាតិ និងពង្រឹងតួនាទីភារកិច្ចកងយោធពលខេមរភូមិន្ទ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានកងទ័ពជើងគោក នាថ្ងៃទី២១ ខែឧសភាឆ្នាំ២០២៦។
ឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា បានមានប្រសាសន៍ថា៖ ពិភពលោកបច្ចុប្បន្នស្ថិតនៅជាពហុប៉ូល ក្នុងន័យនេះមហាអំណាចបានពង្រីកភូមិសាស្ត្រនយោបាយដើម្បីផលប្រយោជន៍ខ្លួន កត្តាទាំងនេះបានជះឥទ្ធិពលវិជ្ជមាន និងអវិជ្ជមាន ដល់លំនឹងសេដ្ឋកិច្ចពិភពលោក ពិសេសជះឥទ្ធិពលមិនល្អដល់ប្រទេសកំពុងអភិវឌ្ឍន៍។
ឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា បានលើកឡើងអំពីវិបត្តិសង្គ្រាមដែលនិងបានកំពុងកើតឡើងនៅក្នុងពិភពលោកដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក សេដ្ឋកិច្ចតំបន់ វិបត្តិជនភៀសសឹក និងផលិតផលនានាមួយចំនួនទៀត ។
ឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា បានបន្ថែមទៀតថា៖ កម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិប្រកបដោយចក្ខុវិស័យច្បាស់លាស់ និងគោលនយោបាយគន្លឹះរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាសំដៅធានាការអភិវឌ្ឍន៍ប្រកបទៅដោយថាមពល ភាពធន់ និងចីរភាព។


ឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា បានបញ្ជាក់ជូនដល់កងកម្លាំងយើងទាំងអស់ត្រូវមានស្មារតី និងឆន្ទៈមោះមុតស្រឡាញ់ទឹកដីស្រឡាញ់ជាតិមាតុភូមិការពារឲ្យបាននូវអធិបតេយ្យភាពជាតិ ដោយមិនឲ្យខ្មាំងសត្រូវរំលោភបំពាននៅគ្រប់ទម្រង់នៃការឈ្លានពានបានឡើយ និងជានិច្ចកាលធានាកម្លាំង សម្ភារៈគ្រឿងបំពាក់ មធ្យោបាយ ដើម្បីត្រៀមអនុវត្តមុឺងម៉ាត់តាមបទបញ្ជារបស់ថ្នាក់លើ ពេលមានសភាពការណ៍ចាំបាច់៕
ដោយ៖ សំសាម៉ន ,ប្រភព៖ បញ្ជាការកងទ័ពជើងគោក





