នាយករដ្ឋមន្ត្រីចិនជួបជាមួយប្រធានាធិបតីរុស្ស៊ី
AKP ភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ -- នាយករដ្ឋមន្ត្រីចិន លោកលី ឈាង (Li Qiang) បានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) នៅទីក្រុងប៉េកាំង កាលពីថ្ងៃពុធ។
លោក លី បានមានប្រសាសន៍ថា ក្នុងចំណោមទិដ្ឋភាពអន្តរជាតិដ៏ច្របូកច្របល់កាន់តែខ្លាំងឡើង ទំនាក់ទំនងចិន-រុស្ស៊ី នៅតែមានស្ថិរភាពនិងអាចព្យាករណ៍បាន។
លោកបានមានប្រសាសន៍ថា ប្រទេសចិនត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយរុស្ស៊ី ដើម្បីអនុវត្តន៍តាមការណែនាំជាយុទ្ធសាស្ត្ររបស់ប្រមុខរដ្ឋទាំងពីរ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីដល់កម្រិតថ្មី។
លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ប្រទេសចិនត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយភាគីរុស្ស៊ី ដើម្បីពង្រីកពាណិជ្ជកម្ម អនុវត្តន៍កតិកាសញ្ញាវិនិយោគទ្វេភាគីដែលបានធ្វើឱ្យប្រសើរឡើង និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យដូចជា ថាមពល កសិកម្ម ការតភ្ជាប់ និងការអភិវឌ្ឍបៃតង និងកាបូនទាប។
លោកបានកត់សម្គាល់ថា ប្រទេសចិនក៏មានឆន្ទៈក្នុងការធ្វើការជាមួយភាគីរុស្ស៊ី ដើម្បីពង្រឹងការសម្របសម្រួលរវាងកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី ហើយធានាបាននូវការអភិវឌ្ឍប្រកបដោយសុវត្ថិភាព ស្ថិរភាព និងមានគុណភាពខ្ពស់នៃផ្លូវដែកចិន-អឺរ៉ុប។
លោកនាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យភាគីទាំងពីរពង្រឹងការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការក្នុងវិស័យដូចជា យុវជន វប្បធម៌ ទេសចរណ៍និងកីឡា។ លោកបានបន្ថែមថា ប្រទេសចិនត្រៀមខ្លួនរួចជាស្រេចដើម្បីពង្រឹងការសម្របសម្រួលជាមួយរុស្ស៊ីលើវេទិកាពហុភាគី។
លោក ពូទីន បានមានប្រសាសន៍ថា រុស្ស៊ីមានឆន្ទៈក្នុងការរក្សាការផ្លាស់ប្តូរកម្រិតកំពូលយ៉ាងជិតស្និទ្ធជាមួយប្រទេសចិន ផ្តល់តួនាទីយ៉ាងពេញលេញដល់យន្តការកិច្ចប្រជុំជាប្រចាំរបស់នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ និងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យដូចជា ពាណិជ្ជកម្ម ថាមពលកសិកម្ម ការដឹកជញ្ជូន និងភស្តុភារកម្ម ឧស្សាហកម្ម សេដ្ឋកិច្ចឌីជីថល បញ្ញាសិប្បនិម្មិត និងការច្នៃប្រឌិតវិទ្យាសាស្ត្រ-បច្ចេកវិទ្យា៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





