កូរ៉េខាងត្បូងបង្កើនការប្រុងប្រយ័ត្នចំពោះការធ្វើដំណើរទៅកាន់ប្រទេសគុយបា ចំពេលមានភាពមិនប្រាកដប្រជាផ្នែកនយោបាយរបស់ប្រទេសនេះ
AKP ភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ -- ក្រសួងការបរទេសកូរ៉េខាងត្បូងបាននិយាយថា កាលពីថ្ងៃអង្គារ ប្រទេសកូរ៉េខាងត្បូងបានដំឡើងកម្រិតជូនដំណឹងអំពីការធ្វើដំណើររបស់ខ្លួនទៅកាន់ប្រទេសគុយបា ពីការជូនដំណឹងកម្រិតទី២ ទៅជាកម្រិតជូនដំណឹងពិសេសសម្រាប់ការធ្វើដំណើរដោយលើកឡើងពីការវិវត្តនយោបាយមិនច្បាស់លាស់ជុំវិញប្រទេសកោះការាបៀននេះ។
កម្រិតជូនដំណឹងពិសេសសម្រាប់ការធ្វើដំណើរនេះគឺជាផ្នែកមួយនៃប្រព័ន្ធជូនដំណឹងអំពីការធ្វើដំណើរចំនួន ៥កម្រិតរបស់កូរ៉េខាងត្បូង ហើយត្រូវគ្នាទៅនឹងកម្រិតលើសពីកម្រិតព្រមានកម្រិតទី២ ប៉ុន្តែទាបជាងកម្រិតណែនាំទី៣ ដែលជំរុញឱ្យពលរដ្ឋចាកចេញពីប្រទេស លុះត្រាតែការធ្វើដំណើរមានសារៈសំខាន់។
ក្រសួងបាននិយាយថា ការផ្លាស់ប្តូរនេះក៏ឆ្លុះបញ្ចាំងពីស្ថានភាពកាន់តែយ៉ាប់យ៉ឺននៅក្នុងប្រទេសគុយបា រួមទាំងការខ្វះខាតអគ្គិសនីយូរអង្វែងដែលប៉ះពាល់ដល់ការផ្គត់ផ្គង់ទឹក ទូរគមនាគមន៍ ការដឹកជញ្ជូន និងសេវាថែទាំសុខភាព។
វិធានការនេះត្រូវបានសម្រេចបន្ទាប់ពីធ្វើកិច្ចប្រជុំពិនិត្យស្ថានភាពរួមគ្នាដែលពាក់ព័ន្ធនឹងក្រសួង និងស្ថានទូតកូរ៉េខាងត្បូងប្រចាំប្រទេសគុយបាក៏ដូចជាស្ថានទូតនៅប្រទេសម៉ិកស៊ិក សាធារណរដ្ឋដូមីនីកែន និងហ្សាម៉ាអ៊ីក៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





