ប្រធានអង្គការ WHO សម្តែងការព្រួយបារម្ភអំពីទំហំ និងល្បឿន ចំពោះការផ្ទុះឡើងនៃជំងឺអេបូឡា
AKP ភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ -- លោក តេដ្រូស អាដានុម ជេប្រេយេស៊ូស (Tedros Adhanom Ghebreyesus) អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃអង្គារ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះ «ទំហំ និងល្បឿន» ចំពោះការផ្ទុះឡើងនៃជំងឺអេបូឡានៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) និងអ៊ូហ្គង់ដា ដោយលោកបាននិយាយថា គណៈកម្មាធិការបន្ទាន់មួយនឹងជួបគ្នានៅពេលក្រោយដើម្បីចេញអនុសាសន៍បណ្ដោះអាសន្ន។
ថ្លែងទៅកាន់សន្និបាតសុខភាពពិភពលោកលើកទី៧៩ លោក តេដ្រូសបាននិយាយថា លោកបានប្រកាសអាសន្នសុខភាពសាធារណៈដែលជាការព្រួយបារម្ភអន្តរជាតិ ចំពោះការផ្ទុះឡើងនៃជំងឺអេបូឡានៅក្នុងប្រទេសទាំងពីរកាលពីថ្ងៃអាទិត្យ ជាលើកទីមួយហើយដែលប្រធានអង្គការសុខភាពពិភពលោកបានធ្វើដូច្នេះដោយមិនបានកោះប្រជុំគណៈកម្មាធិការបន្ទាន់ជាមុន។
លោក តេដ្រូស បាននិយាយថា «ខ្ញុំមិនបានធ្វើរឿងនេះដោយស្រាលទេ» ដោយលោកបានកត់សម្គាល់ថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងក្រោមមាត្រាទី១២ នៃបទប្បញ្ញត្តិសុខភាពអន្តរជាតិ បន្ទាប់ពីពិគ្រោះយោបល់ជាមួយរដ្ឋមន្ត្រីសុខាភិបាលនៃប្រទេសទាំងពីរ។ «ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីទំហំ និងល្បឿននៃការរាតត្បាតនេះ»។
លោក តេដ្រូស បាននិយាយថា ខេត្តអ៊ីទូរី របស់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបានរាយការណ៍ពីករណីដែលបានបញ្ជាក់ចំនួន៣០ករណី ខណៈដែលប្រទេសអ៊ូហ្គង់ដាបានបញ្ជាក់ចំនួន ២ករណីនៅក្នុងរដ្ឋធានីកាមប៉ាឡា រួមទាំងការស្លាប់មួយពាក់ព័ន្ធនឹងអ្នកធ្វើដំណើរមកពីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។
លោកបានមានប្រសាសន៍ថា អាជ្ញាធរសហរដ្ឋអាមេរិកក៏បានរាយការណ៍ពីករណីមួយដែលបានបញ្ជាក់ថាពាក់ព័ន្ធនឹងពលរដ្ឋអាមេរិកម្នាក់ដែលត្រូវបានបញ្ជូនទៅប្រទេសអាល្លឺម៉ង់ ដោយលោកបានកត់សម្គាល់ថាអង្គការ WHO កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេស DRC អ៊ូហ្គង់ដា និងសហរដ្ឋអាមេរិក៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





