រលកកម្ដៅនឹងប៉ះពាល់ដល់តំបន់ខ្លះនៃប្រទេសឥណ្ឌា
AKP ភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ -- នាយកដ្ឋានឧតុនិយមឥណ្ឌា(IMD) កាលពីថ្ងៃអង្គារបាននិយាយថា រលកកំដៅដែលនឹងវិវត្តទៅជារលកកំដៅធ្ងន់ធ្ងរទំនងជានឹងគ្របដណ្ដប់លើវាលទំនាបនៃភាគពាយ័ព្យ និងកណ្តាលប្រទេសឥណ្ឌាក្នុងអំឡុងសប្តាហ៍នេះ។
យោងតាមទីភ្នាក់ងារព្យាករណ៍អាកាសធាតុបានឱ្យដឹងថា ការកើនឡើងបន្តិចម្តងៗនៃសីតុណ្ហភាពអតិបរមាពី ២ ទៅ ៣អង្សាសេទំនងជានៅលើតំបន់ជាច្រើននៃភាគពាយ័ព្យប្រទេសឥណ្ឌារហូតដល់ថ្ងៃទី២៤ខែឧសភា និងពី ៣ ទៅ ៤អង្សាសេនៅលើរដ្ឋឆាតទីសហ្គា រហូតដល់ថ្ងៃទី២១ ខែឧសភា។
ការព្រមានពណ៌លឿងសម្រាប់ស្ថានភាពរលកកំដៅនៅក្នុងរដ្ឋធានីជាតិសម្រាប់រយៈពេលបីថ្ងៃខាងមុខត្រូវបានចេញផ្សាយ។ យោងតាមនាយកដ្ឋាន IMD កន្លែងដាច់ស្រយាលនៅក្នុងទីក្រុងទំនងជានឹងឡើងកំដៅខ្លាំងក្នុងអំឡុងពេលថ្ងៃ។
ស្ថានីយ៍ទូរទស្សន៍រដ្ឋ All India Radio (AIR) បានដកស្រង់សម្តីពីមន្រ្ដីនាយកដ្ឋាន IMD ថា សីតុណ្ហភាពអតិបរមានៅទីក្រុងដេលីឡើងដល់ប្រហែល ៤៣ ទៅ ៤៥អង្សាសេនៅថ្ងៃអង្គារ ខណៈដែលសីតុណ្ហភាពអប្បបរមាទំនងជានឹងឡើងដល់ជិត ២៨អង្សាសេ។
នាយកដ្ឋាន IMD បានណែនាំប្រជាជននៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយរលកកំដៅឱ្យចាត់វិធានការចាំបាច់ និងជៀសវាងការប៉ះពាល់នឹងកំដៅខ្លាំងរយៈពេលយូរ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





