លោក ពូទីន និងប្រធានាធិបតីអេមីរ៉ាតអារ៉ាប់រួម ពិភាក្សាគ្នាតាមទូរស័ព្ទស្តីពីស្ថានភាពតំបន់មជ្ឈិមបូព៌ា
AKP ភ្នំពេញ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ -- កាលពីថ្ងៃសៅរ៍ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអេមីរ៉ាតអារ៉ាប់រួម (UAE) លោកសេក ម៉ូហាម៉េដ ប៊ីន ហ្សាយេដ អាល់ ណាយ៉ាន់ (Sheikh Mohamed bin Zayed Al Nahyan) ដើម្បីពិភាក្សាអំពីស្ថានភាពវិបត្តិនៅតំបន់មជ្ឈិមបូព៌ា និងអ៊ីរ៉ង់។
យោងតាមវិមានក្រឹមឡាំងបានដឹងថា មេដឹកនាំទាំងពីរបានចង្អុលបង្ហាញក្នុងអំឡុងពេលនៃការសន្ទនាតាមទូរស័ព្ទថា ត្រូវតែជំរុញកិច្ចខិតខំប្រឹងប្រែងផ្នែកនយោបាយ និងការទូតបន្ថែមទៀត សម្របសម្រួលផលប្រយោជន៍របស់ប្រទេសក្នុងតំបន់ទាំងអស់ និងឈានដល់កិច្ចព្រមព្រៀងសន្តិភាពសម្របសម្រួលលើមូលដ្ឋាននេះ។
សេចក្តីថ្លែងការណ៍បានកត់សម្គាល់ថា ប្រមុខរដ្ឋទាំងពីរបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពដ៏ល្អនៃកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យនយោបាយ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច ហើយបានយល់ព្រមរក្សាការផ្លាស់ប្តូរទ្វេភាគីជាញឹកញាប់។
លោក ពូទីន ក៏បានថ្លែងអំណរគុណដល់ប្រទេសអេមីរ៉ាតអារ៉ាប់រួមចំពោះជំនួយម្តងហើយម្តងទៀតរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាមនុស្សធម៌ក្នុងអំឡុងពេលវិបត្តិអ៊ុយក្រែន៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





