ឯកឧត្តម ជា វ៉ាន់ដេត អញ្ជើញអបអរសាទរខួបលើកទី១៦៣ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ នៅខេត្តតាកែវ
AKP ភ្នំពេញ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦--
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ និងជាប្រធានកិត្តិយសនៃសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦នេះបានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១៦៣ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ និងខួបលើកទី ៧១ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» នៃសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី ដែលជាអនុប្រធាន សមាជិក សមាជិកា នៃសាខាកាកបាទក្រហមខេត្តតាកែវ និងសប្បុរជន យ៉ាងច្រើនកុះករ។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ទិវានេះប្រារព្ធធ្វើឡើងក្នុងគោលដៅរួមចំណែកលើកទឹកចិត្តដល់កិច្ចសហប្រតិបត្តិការនានាក្នុងបុព្វហេតុមនុស្សធម៌ ជាពិសេសការជួយសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលទទួលរងហានិភ័យពីគ្រោះមហន្តរាយ និងគ្រោះអាសន្ននានាជាយថាហេតុ ហើយត្រូវការជំនួយមនុស្សធម៌។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរ ព្រមទាំងអំពាវនាវដល់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ជាសប្បុរសជនជាតិ-អន្តរជាតិ បន្តចូលរួមចំណែកនិងផ្តល់ការគាំទ្រ ទាំងស្មារតី សម្ភារៈ និងថវិកាដល់ចលនានិងសកម្មភាពរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ដើម្បីបន្តសកម្មភាពមនុស្សធម៌ជូនប្រជាពលរដ្ឋ ជាពិសេសការជួយសម្រាលទុក្ខលំបាករបស់វីរៈកងទ័ព និងបងប្អូនភៀសសឹក ដែលរងគ្រោះដោយការឈ្លានពានពីសំណាក់កងទ័ពថៃ។ បងប្អូនប្រជាពលរដ្ឋពិតជាបានចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភាពខ្លាំងរបស់កម្ពុជា តាមរយៈការជួយគាំទ្រផលិតផលក្នុងស្រុក ដែលនឹងជួយបង្កើនគុណភាពនិងផលិតផលក្នុងស្រុក ឱ្យកាន់តែល្អប្រសើឡើង។

ឯកឧត្តម រដ្ឋមន្ត្រី បានអំពាវនាវដល់សមាជិក សមាជិក នៃអង្គពិធីទាំងអស់ចូលរួមប្រើប្រាស់បណ្ណបើកបរឌីជីថល ដែលអាចស្នើសុំបានដោយងាយស្រួល លឿនរហ័ស និងមានសុវត្ថិភាពខ្ពស់ ៕
ដោយ ណយ នឿន (ប្រភព៖ក្រសួងប្រៃសណីយ៍)





