សម្ដេចតេជោ ហ៊ុន សែន បន្តក្រើនរម្លឹកដល់មន្ត្រីរាជការ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់យកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជន
AKP ព្រៃវែង ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ ក្រើនរម្លឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់ និងសេវាតម្រូវការនានាជូនប្រជាពលរដ្ឋឱ្យបានលឿន និងរហ័ស។

ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានានៃខេត្តព្រៃវែង ចំនួន១ ៣១១នាក់ នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ នៅខេត្តព្រៃវែង សម្ដេចតេជោបានមានប្រសាសន៍អបអរសាទរចំពោះសមិទ្ធផលអគារមន្ទីរបក្ស ក្នុងខេត្តព្រៃវែង ដែល អគារមន្ទីរបក្សនេះ គឺជាសមិទ្ធផលថ្មីមួយទៀតរបស់គណបក្សប្រជាជនកម្ពុជា ហើយតាមរយៈសមិទ្ធផលអគារគណបក្សនៅខេត្តព្រៃវែង និងកន្លែងដទៃទៀត ក៏ដូចជានឹកដល់អគារវិមាន៧មករានៅភ្នំពេញ បានចង្អុលបង្ហាញយ៉ាងច្បាស់ពីការកាន់អំណាចរយៈពេលវែងរបស់គណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោថ្លែងទៀតថា គណបក្សប្រជាជន មិនមែនជាបក្សកាន់អំណាចបែបឆក់កណ្តៀតនោះទេ ប៉ុន្តែជាបក្សកាន់អំណាចរយៈពេលវែង។
សម្តេចតេជោបានមានប្រសាសន៍លើកឡើថា ខេត្តព្រៃវែងពីមុនមិននឹកស្រមៃថាមានសាកលវិទ្យាល័យសម្រាប់បណ្ដុះបណ្ដាលធនធានមនុស្សនោះទេ ប៉ុន្តែបច្ចុប្បន្ននេះព្រៃវែងមានសាកលវិទ្យាល័យ និងវិទ្យាស្ថានបណ្ដុះបណ្ដាលសិស្សនិស្សិតឱ្យទទួលបាននូវចំណេះដឹងជាបន្តបន្ទាប់។ សម្តេចក៏បានជំរុញឱ្យពន្លឿនការផ្តល់សេវាលើការធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីឱ្យប្រជាពលរដ្ឋឱ្យកាន់តែលឿនថែមទៀត ដើម្បីបញ្ចៀសភាពថ្នាំងថ្នាក់នៅមូលដ្ឋាន។ សម្តេចតេជោ បានបន្តរំឭកដល់អាជ្ញាធរឱ្យបន្តយកចិត្តទុកដាក់លើគ្រួសារយុទ្ធជនជួរមុខ យុទ្ធពលី ពិការ និងគ្រួសារអតីតយុទ្ធជន។ សម្តេចយបន្តថា ក្នុងនាមជាអ្នកធ្លាប់ប្រឡូកជីវិតជាយុទ្ធជនលើសមរភូមិមួយរូបដែរនោះ សម្តេចតេជោបានយល់ច្បាស់ពីការលំបាកទាំងឡាយរបស់យុទ្ធជនក្នុងកិច្ចការពារជាតិ និងទឹកដី។

សម្តេចតេជោបានសង្កត់ធ្ងន់ថា យុទ្ធជនបានយកទ្រូងរបស់ពួកគេទៅការពារជាតិ ការពារទឹកដី និងប្រជាជន តើហេតុអ្វីមន្ត្រីមិនអាចចែករំលែកក្តីស្រលាញ់ទៅដល់ពួកគេ។ សម្តេចតេជោ ក៏បានរំលឹកដល់មន្រ្តីទាំងអស់ត្រូវយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន និងបង្ក្រាបឱ្យបាននូវអំពើឆបោកតាមអនឡាញ។ ទន្ទឹមនេះ សម្ដេចតេជោក៏ស្នើឱ្យអាជ្ញាធរ ត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព ជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយមិនត្រូវលំអៀងខាងភាគីណានោះទេ។
សម្ដេចតេជោ ក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានត្រូវចូលរួមទាំងអស់គ្នាក្នុងការថែរក្សាធនធានធម្មជាតិដែលមាននៅមូលដ្ឋាន ទប់ស្កាត់ការបំផ្លិចបំផ្លាញ និងរួមគ្នាក្នុងការថែរក្សាឱ្យបានគង់វង្ស និង ក្រើនរំឭកដល់មន្ត្រីទាំងអស់ ចៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ និងត្រូវចាំថា «មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន»។ សម្តេចតេជោក៏បានរម្លឹកឱ្យអាជ្ញាធរខេត្តព្រៃវែងត្រូវបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតតាមព្រំដែនជាមួយប្រទេសវៀតណាម ក្នុងការជំរុញវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងបង្កលក្ខណៈងាយស្រួលដល់ទំនាក់ទំនងប្រជាជន និងប្រជាជន។

ទាក់ទងនឹងពិធីសំណេះសំណាល ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោបានឱ្យដឹងថា ដំណើរឆ្ពោះទៅកាន់មូលដ្ឋានរបស់សម្ដេចតេជោបានចាប់ផ្តើមកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ហើយរហូតមកដល់ពេលនេះ ជាលើកទី៧ហើយដែលសម្តេចតេជោបានអញ្ជើញជួបសំណេះសំណាលជាមួយអង្គបោះឆ្នោតតាមបណ្ដាខេត្តនានា រួមមានខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ តាកែវ កំពត កែប ស្វាយរៀង និងព្រៃវែង។
គោលដៅនៃការចុះជួបសំណេះសំណាលនេះគឺជាការអនុវត្ត ក៏ដូចជាពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ដើម្បីឱ្យមានតម្លាភាព ក៏ដូចជាជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព និងធ្វើការក្រើនរំឭកដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួន និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ៕
ដោយ៖ ជឹម ណារី





