ឯកឧត្តម ជា វ៉ាន់ដេត អញ្ជើញធ្វើជំរឿនមន្រ្តីរាជការ ដើម្បីគ្រប់គ្រងទិន្នន័យ និងស្ថានភាពមន្ត្រីរាជការ
AKP ភ្នំពេញ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦–ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញធ្វើជំរឿនមន្រ្តីរាជការដែលបានសហការរៀបចំឡើងដោយក្រសួងមុខងារសាធារណៈ និង ក.ប.ទ. រយៈពេលពីរថ្ងៃ នៅទីស្ដីការ ក.ប.ទ.។

ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត បានបន្តថា ការធ្វើជំរឿនមន្ត្រីរាជការ គឺជាជំហានដ៏សំខាន់ក្នុងការពង្រឹងប្រសិទ្ធភាពរដ្ឋបាលសាធារណៈដោយប្រើបច្ចេកវិទ្យា ធានាភាពត្រឹមត្រូវនៃទិន្នន័យធនធានមនុស្ស គាំទ្រដល់ការរៀបចំផែនការអភិវឌ្ឍសមត្ថភាពមន្ត្រី សំដៅកសាងរដ្ឋបាលសាធារណៈទំនើប និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរ ស្របតាមចក្ខុវិស័យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។

ក្នុងពិធីធ្វើជំរឿន ឯកឧត្តមរដ្ឋមន្រ្តី បានសម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះការធ្វើជំរឿនមន្ត្រីរាជការ តាមរយៈការជំរុញការចូលរួមពីមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងការសម្របសម្រួលឱ្យដំណើរការបានរលូន និងមានប្រសិទ្ធភាពខ្ពស់។៕

ដោយ៖ ណយ នឿន (ប្រភព៖ក្រសួងប្រៃសណីយ៍)





