សន្និសីទវ៉ាណា ស្តីពីចក្ខុវិស័យយុទ្ធសាស្ត្ររបស់សហភាពអឺរ៉ុបសម្រាប់សមុទ្រខ្មៅ
AKP ភ្នំពេញ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ -- សន្និសីទ «ពីខុនស្តាន់តា ដល់វ៉ាណា ៖ ការលើកកម្ពស់ និងបើកផ្លូវសម្រាប់ការអនុវត្តជាក់ស្តែងនៃមតិ EESC និងសេចក្តីសម្រេច ESC របស់ប៊ុលហ្គារី ស្តីពីវិធីសាស្រ្តយុទ្ធសាស្ត្ររបស់សហភាពអឺរ៉ុបចំពោះតំបន់សមុទ្រខ្មៅ» ត្រូវបានប្រារព្ធធ្វើឡើងនៅសាកលវិទ្យាល័យសេដ្ឋកិច្ច ក្នុងទីក្រុងវ៉ាណា កាលពីពេលថ្មីៗនេះ។
ព្រឹត្តិការណ៍នេះត្រូវបានរៀបចំរួមគ្នាដោយគណៈកម្មាធិការសេដ្ឋកិច្ច និងសង្គមអឺរ៉ុប និងក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមប៊ុលហ្គារី។ សន្និសីទនេះ ជាការរៀបចំលើកទីពីរហើយ បន្ទាប់ពីវេទិកាមួយនៅទីក្រុងខុនស្តាន់តា ដែលមានគោលបំណងភ្ជាប់កំពង់ផែសមុទ្រខ្មៅសំខាន់ៗពីររបស់អឺរ៉ុប នៅក្នុងកិច្ចសន្ទនាស្តីពីអនាគតរបស់តំបន់។ កម្មវិធីនេះបានប្រមូលផ្តុំនៃការចូលរួមពីអ្នកតំណាងនៃស្ថាប័នអឺរ៉ុប និងជាតិ អង្គការស៊ីវិល សហជីព និងសមាគមនិយោជក ដើម្បីពិភាក្សាអំពីរបៀបដែលអនុសាសន៍របស់ស្ថាប័នប្រឹក្សាយោបល់ទាំងពីរអាចត្រូវបានអនុវត្ត និងរួមបញ្ចូលទៅក្នុងជំហរជាតិរបស់ប្រទេសប៊ុលហ្គារី ក្នុងការបង្កើតច្បាប់សហភាពអឺរ៉ុបនាពេលអនាគត។
ថ្លែងនៅក្នុងវេទិកានេះ លោកស្រី ម៉េកឡេណា ផ្លាក់ស្ស៊ីវ៉ា (Meglena Plugtschieva) លេខាធិការគោលនយោបាយការបរទេសរបស់ប្រធានាធិបតីប៊ុលហ្គារី លោកស្រី អ៊ីលីយ៉ាណា អ៊ីតូវ៉ា (Iliana Iotova) បាននិយាយថា ប្រទេសប៊ុលហ្គារីគាំទ្រចំពោះសសរស្តម្ភទាំងបីនៃយុទ្ធសាស្ត្រសហភាពអឺរ៉ុបសម្រាប់តំបន់សមុទ្រខ្មៅ ហើយកំពុងអំពាវនាវឱ្យមានការបង្កើតមជ្ឈមណ្ឌលសន្តិសុខសមុទ្រខ្មៅ ដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធសមុទ្រដ៏សំខាន់ និងពង្រឹងសន្តិសុខបរិស្ថាន។ លោកស្រីបាននិយាយថា ប្រទេសប៊ុលហ្គារីបានធ្វើការរួមគ្នាជាមួយប្រទេសរូម៉ានីទៅលើការអភិវឌ្ឍយុទ្ធសាស្ត្ររបស់សហភាពអឺរ៉ុបសម្រាប់តំបន់នេះ ដោយសម្តែងការសោកស្តាយដែលឯកសារនេះនៅខ្វះធនធានហិរញ្ញវត្ថុគោលដៅ និងកាលកំណត់ច្បាស់លាស់។ លោកស្រីបានបន្ថែមថា ការធានាសន្តិសុខនៅក្នុងតំបន់សមុទ្រខ្មៅទាមទារភាពជាដៃគូរវាងប្រទេសប៊ុលហ្គារី រូម៉ានី និងប្រទេសតួកគី៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ BTA)





