មីយ៉ាន់ម៉ាបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត
AKP ភ្នំពេញ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ -- រដ្ឋាភិបាលមីយ៉ាន់ម៉ា បានចេញផ្សាយសេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមអ៊ីនធឺណិត កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ សម្រាប់មតិយោបល់សាធារណៈ មុនពេលដាក់ជូនសភាសហភាពសម្រាប់ការអនុម័ត។
ជាពិសេស សេចក្តីព្រាងច្បាប់នេះស្នើឱ្យមានការកាត់ទោសប្រហារជីវិតជាការដាក់ទណ្ឌកម្មខ្ពស់បំផុតសម្រាប់បុគ្គលដែលចាប់ពង្រត់ រំលោភបំពាន ធ្វើទារុណកម្ម ឬឃុំខ្លួនអ្នកដទៃដោយខុសច្បាប់ ដើម្បីបង្ខំពួកគេឱ្យប្រព្រឹត្តបទល្មើសឆបោកតាមអ៊ីនធឺណិត។ វាក៏ស្នើឱ្យមានការកាត់ទោសជាប់ពន្ធនាគារអតិបរមាអស់មួយជីវិតផងដែរ សម្រាប់បុគ្គលដែលដំណើរការមជ្ឈមណ្ឌលឆបោកដោយផ្ទាល់ ឬចូលរួមក្នុងការឆបោកដែលពាក់ព័ន្ធនឹងរូបិយប័ណ្ណឌីជីថល។
យោងតាមកាសែត The Mirror បានឱ្យដឹងថា សេចក្តីព្រាងច្បាប់នេះមានគោលបំណងបង្កើតក្របខ័ណ្ឌច្បាប់ដ៏រឹងមាំមួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាកាន់តែស្មុគស្មាញនៃការឆបោកតាមអ៊ីនធឺណិត។ គោលបំណងសំខាន់ៗរបស់វារួមមាន ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្រុក និងអន្តរជាតិ ការការពារអធិបតេយ្យភាពជាតិ និងសុវត្ថិភាពសាធារណៈ ការកែលម្អប្រព័ន្ធចែករំលែកព័ត៌មាន និងការដោះស្រាយការចូលរួមខុសច្បាប់ពីបរទេស។ ជាពិសេស វាផ្តល់អំណាចដល់អាជ្ញាធរក្នុងការស៊ើបអង្កេត ការពារ រឹបអូស និងគ្រប់គ្រងទ្រព្យសម្បត្តិទាក់ទងនឹងបទល្មើសឆបោកតាមអ៊ីនធឺណិត។
សេចក្តីព្រាងច្បាប់នេះមាន ១៣ជំពូក ដែលគ្របដណ្តប់លើនិយមន័យ គោលបំណង ការបង្កើតមជ្ឈមណ្ឌលប្រឆាំងការឆបោកតាមអ៊ីនធឺណិត និងការទទួលខុសត្រូវរបស់ខ្លួន កិច្ចសហប្រតិបត្តិការអន្តរជាតិ ការផ្លាស់ប្តូរព័ត៌មាន ការពិន័យ និងបទប្បញ្ញត្តិទូទៅ។
ជំពូកស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិចែងថា អាជ្ញាធរនឹងសហការជាមួយអង្គការអន្តរជាតិ និងប្រទេស និងដែនដីបរទេស ដើម្បីស៊ើបអង្កេតការឆបោកតាមអ៊ីនធឺណិត ផ្លាស់ប្តូរព័ត៌មានស៊ើបការណ៍សម្ងាត់ គ្រប់គ្រងការបញ្ជូនជនរងគ្រោះត្រឡប់ទៅស្រុកកំណើតវិញ និងអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការជាផ្លូវការទៅលើការអនុវត្ត និងការកសាងសមត្ថភាព។
សភាមីយ៉ាន់ម៉ាត្រូវបានគេរំពឹងថានឹងកោះប្រជុំនៅសប្តាហ៍ដំបូងនៃខែមិថុនា ដើម្បីពិចារណា និងអនុម័តសេចក្តីព្រាងច្បាប់នេះ។ ការអនុវត្តនេះត្រូវបានគេមើលឃើញថា ជាជំហានដ៏សំខាន់មួយដោយរដ្ឋាភិបាលមីយ៉ាន់ម៉ា ដើម្បីសម្អាតបរិយាកាសអនឡាញ និងទប់ស្កាត់អង្គការឧក្រិដ្ឋកម្មបច្ចេកវិទ្យាខ្ពស់ដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





