ហ្វីលីពីនបង្កើនការនាំចូលអង្ករ ចំពេលដែលមានការព្រួយបារម្ភអំពីបាតុភូតអ៊ែលនីញ៉ូ និងសម្ពាធអតិផរណា
AKP ភ្នំពេញ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ -- ប្រទេសហ្វីលីពីនបាននាំចូលអង្ករចំនួន ១,៦៨លានតោនក្នុងរយៈពេលបួនខែដំបូងនៃឆ្នាំ២០២៦ ដែលកើនឡើង ១៨% ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈដែលរដ្ឋាភិបាលកំពុងចាត់វិធានការដើម្បីធានាការផ្គត់ផ្គង់ស្បៀងអាហារ ចំពេលដែលមានការព្រួយបារម្ភអំពីការធ្លាក់ចុះនៃទិន្នផលក្នុងស្រុក ដែលបណ្តាលមកពីការកើនឡើងនៃថ្លៃជី និងផលប៉ះពាល់នៃបាតុភូតអ៊ែលនីញ៉ូធ្ងន់ធ្ងរ។
ប្រទេសវៀតណាមនៅតែជាអ្នកផ្គត់ផ្គង់អង្ករធំជាងគេរបស់ប្រទេសហ្វីលីពីន ដោយនាំចេញអង្ករចំនួន ១,៤៦លានតោនក្នុងអំឡុងពេលនេះ និងមានចំនួនជាង ៨៦% នៃការនាំចូលអង្ករសរុបរបស់ប្រទេសហ្វីលីពីន។ ប្រទេសហ្វីលីពីនក៏បាននាំចូលអង្ករពីអ្នកផ្គត់ផ្គង់បែបប្រពៃណីផ្សេងទៀតដែរ ដូចជាប្រទេសថៃ មីយ៉ាន់ម៉ា និងកម្ពុជា។
ដើម្បីពង្រឹងសន្តិសុខស្បៀងអាហាររយៈពេលវែង ក្រសួងកសិកម្មហ្វីលីពីន (DA) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយប្រទេសវៀតណាម ដើម្បីនាំចូលអង្ករបន្ថែមចំនួន ១,៥លានតោនរហូតដល់ចុងឆ្នាំក្រោយ។
លោក ហ្វ្រេនស៊ីស្កូ ទុយ ឡរែល (Francisco Tiu Laurel) រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន បាននិយាយថា ការរក្សាលំហូរនាំចូលអង្ករជាប្រចាំ គឺជាវិធានការសំខាន់មួយដើម្បីទូទាត់សម្រាប់ការខ្វះខាតការផ្គត់ផ្គង់ក្នុងស្រុក និងបន្ធូរបន្ថយតម្លៃលក់រាយ។
ការកើនឡើងនៃតម្លៃអង្ករបានក្លាយជាកត្តាជំរុញដ៏សំខាន់មួយនៃអតិផរណានៅក្នុងប្រទេសហ្វីលីពីន ដែលបានឈានដល់ ៧,២% នៅក្នុងខែមេសា ឆ្នាំ២០២៦ ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលបីឆ្នាំនេះ។ តម្លៃអង្ករតែមួយបានកើនឡើង ១៣,៧% ដែលដាក់សម្ពាធយ៉ាងខ្លាំងទៅលើការចំណាយរបស់គ្រួសារ។
ដើម្បីការពារអ្នកប្រើប្រាស់ រដ្ឋាភិបាលហ្វីលីពីនកំពុងពិចារណាដាក់កម្រិតតម្លៃអតិបរមាត្រឹម ៥០ប៉េសូ (០,៩ដុល្លារអាម៉េរិក) ក្នុងមួយគីឡូក្រាមទៅលើអង្ករនាំចូល ដើម្បីការពារការដំឡើងថ្លៃមិនសមហេតុផល។
ក្នុងពេលជាមួយគ្នានេះ ដើម្បីការពារកសិករក្នុងស្រុកពីការធ្លាក់ចុះនៃតម្លៃស្រូវ ក្រសួងកសិកម្មកំពុងថ្លឹងថ្លែងផែនការដើម្បីកំណត់ការនាំចូលអង្ករឱ្យនៅចន្លោះពី ១៥០.០០០ ទៅ ២០០.០០០តោនក្នុងមួយខែក្នុងរដូវប្រមូលផលខែមិថុនាដល់ខែតុលា។
វិធានការនេះមានបំណងការពារការផ្គត់ផ្គង់លើសតម្រូវការនៅក្នុងទីផ្សារក្នុងស្រុក ខណៈដែលធានាបាននូវភាពអាចរកបាននៃស្បៀងអាហារដែលមានស្ថេរភាព។ ប្រទេសហ្វីលីពីនក៏កំពុងស្វែងយល់ពីការនាំចូលអង្ករកាន់តែទូលំទូលាយពីប្រទេសឥណ្ឌា និងប៉ាគីស្ថានផងដែរ ដើម្បីរក្សាការផ្គត់ផ្គង់ដែលមានតម្លៃសមរម្យសម្រាប់អ្នកប្រើប្រាស់៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





