ព្រះខ័នរាជស្វាយរៀងបានរងជើងឯក AFC Challenge League 2025-26 ក្រោយចាញ់ម្ចាស់ផ្ទះ Kuwait SC ៣-៤
AKP ភ្នំពេញ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦--ក្រុមព្រះខ័នរាជស្វាយរៀងរបស់កម្ពុជាបានត្រឹមរងជើងឯក ពានរង្វាន់ក្លឹបលំដាប់ទី៣ប្រចាំទ្វីបអាស៊ី (AFC Challenge League 2025-2026) បន្ទាប់ពីបានប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ Kuwait SC របស់ប្រទេសកូវ៉ែត ដោយលទ្ធផលយ៉ាងស្វិតស្វាញ ៣-៤ នៅវគ្គផ្តាច់ព្រ័ត្រ កាលពីយប់រំលងអាធ្រាត ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នៅកីឡដ្ឋាននៃប្រទេសកូវ៉ែត។

នៅក្នុងការប្រកួតដ៏ជក់ចិត្តបំផុតនេះ ក្រុមព្រះខ័នរាជស្វាយរៀងបានបើកការនាំមុខលើក្រុមម្ចាស់ផ្ទះ ២-០ នៅនាទីទី៣ និងនាទី៩នៃវគ្គទី១។ ចូលវគ្គទី២ Kuwait SC តាមបាន២គ្រាប់ស្មើវិញ នៅនាទី៤៨ និង៥៥ ដោយលទ្ធផល ស្មើគ្នា ២-២នេះរហូតដល់បញ្ចប់ការប្រកួតពេញម៉ោង ៩០នាទី។ ក្នុងម៉ោងបន្ថែម ក្រុមភ្ញៀវ ព្រះខ័នរាជស្វាយរៀងបន្តរកបានគ្រាប់បាល់១គ្រាប់បន្ថែមបើកការនាំមុខជាថ្មី ប៉ុន្តែម្ចាស់ផ្ទះ Kuwait SC រកបានគ្រាប់បានតាមស្មើ និងយកឈ្នះវិញ នៅនាទី៩៩ និងនាទី ១១០។

ដូច្នះក្រុមម្ចាស់ផ្ទះ Kuwait SC បានគ្រងជើងឯក AFC Challenge League រដូវកាល ២០២៥-២០២៦នេះ ខណៈព្រះខ័នរាជស្វាយរៀង បានត្រឹមរងជើងឯកម្តងទៀតដោយទទួលបានមេដាយប្រាក់ ក្រោយទទួលបានជើងឯករងដូចគ្នា កាលពីរដូវកាលមុន ២០២៤-២០២៥ កន្លងទៅ។ ចំពោះកីឡាករ PEPRAH KWAME របស់ព្រះខ័នរាជស្វាយរៀងឈ្នះពានកីឡាកររកគ្រាប់បាល់បានច្រើនជាងគេ៕


ដោយ ហេង ណាលីន (រូបភាព៖ ក្លឹបព្រះខ័នរាជស្វាយរៀង)





