អាជ្ញាធរខេត្ដសៀមរាបចាត់ទុកផែនការអភិវឌ្ឍន៍ប្រព័ន្ធស្បៀងប្រកបដោយសុវត្ថិភាព និងនិរន្ដរភាព គឺជាការពង្រឹងការតភ្ជាប់រវាងការអភិវឌ្ឍន៍សេដ្ឋកិច្ចសន្ដិសុខស្បៀង និងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ
AKP សៀមរាប ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦-- លោក អ៊ឹង គឹមលាង អភិបាលរងខេត្ដសៀមរាប បានចាត់ទុកផែនការអភិវឌ្ឍន៍ប្រព័ន្ធស្បៀងប្រកបដោយសុវត្ថិភាព និងនិរន្តរភាពពិតជាមានសារៈសំខាន់ក្នុងការពង្រឹងការតភ្ជាប់រវាងការអភិវឌ្ឍន៍សេដ្ឋកិច្ចសន្ដិសុខស្បៀង ការគ្រប់គ្រងធនធានធម្មជាតិ ធនធានវប្បធម៌ និងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងលើកកម្ពស់វិធីសាស្រ្តដែនដី ដែលមានតួអង្គមកពីគ្រប់ភាគីពាក់ព័ន្ធធ្វើការរួមគ្នា។ លោកបានថ្លែងបែបនេះបានធ្វើឡើងនៅក្នុងសិក្ខាសាលាថ្នាក់ជាតិស្ដីពីផែនការអភិវឌ្ឍន៍ប្រព័ន្ធស្បៀងប្រកបដោយសុវត្ថិភាព និងនិរន្តរភាពប្រចាំខេត្ដសៀមរាបឆ្នាំ២០២៥-២០២៩ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នៅខេត្តសៀមរាប។

លោកអភិបាលរងបន្ដថា ផែនការអភិវឌ្ឍន៍ប្រព័ន្ធស្បៀងប្រកបដោយសុវត្ថិភាព និងនិរន្តរភាពប្រចាំខេត្តសៀមរាបត្រូវបានរៀបចំឡើងក្នុងបរិបទនៃការប្រែប្រួលសេដ្ឋកិច្ច សង្គម បរិស្ថាន និងអាកាសធាតុ ដែលកំពុងប៉ះពាល់ដល់ប្រព័ន្ធនៃការផលិត ការផ្គត់ផ្គង់ និងការប្រើប្រាស់ស្បៀង។ ខេត្តសៀមរាប ជាខេត្តដែលមានសក្ដានុពលខ្ពស់ទាំងវិស័យកសិកម្ម ទេសចរណ៍ និងសេដ្ឋកិច្ចជនបទប៉ុន្តែក៏ប្រឈមមុខនឹងបញ្ហាស្មុគស្មាញដូចជា ការប្រែប្រួលអាកាសធាតុភាពងាយរងគ្រោះរបស់កសិករបញ្ហាទីផ្សារ និងអាហារូបត្ថម្ភជាដើម។

លោកបន្តថា ផែនការប្រព័ន្ធស្បៀងប្រចាំខេត្តសៀមរាប ត្រូវបានរៀបចំឡើងមិនត្រឹមតែសម្រាប់ប្រើប្រាស់ជាឯកសារផ្លូវការរបស់ខេត្តប៉ុណ្ណោះទេ តែវាគឺជាផែនការមួយសម្រាប់ការអភិវឌ្ឍន៏ប្រកបដោយចីរភាពនិងជាអនាគតសម្រាប់អ្នកជំនាន់ក្រោយ។

លោកអភិបាលរងខេត្ដសង្ឃឹម និងជឿជាក់ថា ផែនការនេះនឹងក្លាយជាឯកសារយោងដ៏សំខាន់ សម្រាប់ការអនុវត្តយុទ្ធសាស្ត្រប្រព័ន្ធស្បៀងប្រចាំខេត្តសៀមរាប ឲ្យមានភាពធន់ ប្រកបដោយបរិយាបន្ន និងមានសមត្ថភាពឆ្លើយតបនឹងបញ្ហាបច្ចុប្បន្ន និងអនាគត ដើម្បីលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋទាំងអស់ក្នុងខេត្ត៕


ដោយ ឃុត សៅ





