រដ្ឋបាលខេត្តបន្ទាយមានជ័យប្រារព្ធពិធីចម្រើនព្រះជន្មថ្វាយព្រះមហាក្សត្រ ក្នុងស្មារតីកតញ្ញូតាធម៌ និងមោទនភាពជាតិដ៏ខ្ពង់ខ្ពស់
AKP បន្ទាយមានជ័យ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦-- ក្នុងបរិយាកាសដ៏មហានក្ខត្តឫក្ស និងពោរពេញដោយសេចក្តីជ្រះថ្លា នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីចម្រើនព្រះជន្មថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលព្រះអង្គទ្រង់គម្រប់ព្រះជន្មាយុ ៧៣ យាងចូល ៧៤ ព្រះវស្សា ដោយពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុ រាត្រីអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ ថ្នាក់ដឹកនាំមន្ទីរ-អង្គភាព មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នៅសាលប្រជុំធំសាលាខេត្ត។

ក្នុងសុន្ទរកថាថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុ រាត្រី បានលើកឡើងនូវស្មារតីគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុតចំពោះអង្គព្រះមហាក្សត្រ។ ឯកឧត្តមបានគូសបញ្ជាក់ថា ព្រះករុណាជាម្ចាស់ជីវិតលើត្បូង គឺជា «និមិត្តរូបនៃឯកភាពជាតិ និងសេចក្តីសុខក្សេមក្សាន្ត» ដែលជានិច្ចកាល ព្រះអង្គតែងតែដើរតាមព្រះរាជលំអានដ៏ឧត្តុង្គឧត្តមនៃ «ព្រះបរមរតនកោដ្ឋ» ក្នុងការបម្រើជាតិ និងប្រជារាស្ត្រ។

ឯកឧត្តមអភិបាលខេត្តបានរំលេចនូវចំណុចសំខាន់ៗនៃស្នាព្រះហស្ថរបស់ព្រះអង្គ រួមមានព្រះមហាករុណាទិគុណចំពោះរាស្ត្រសាមញ្ញ ព្រះអង្គតែងតែយាងចុះផ្ទាល់តាមមូលដ្ឋាន ដើម្បីសាកសួរសុខទុក្ខ និងប្រទានព្រះរាជអំណោយដល់ជនងាយរងគ្រោះ ដែលបង្ហាញពីភាពកៀកកិតបំផុតរវាងអង្គមហាក្សត្រ និងរាស្ត្ររបស់ព្រះអង្គ។ ការរួមចំណែកដល់ការអភិវឌ្ឍព្រះរាជទានព្រះរាជទ្រព្យផ្ទាល់ខ្លួន ដើម្បីកសាងសមិទ្ធផលសង្គម វិស័យអប់រំ សុខាភិបាល និងការជួយសង្គ្រោះក្នុងគ្រាមានអាសន្នផ្សេងៗ។ ការការពារបូរណភាពទឹកដី ព្រះអង្គជាម្លប់ដ៏ត្រជាក់ត្រជុំ ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងកិត្តិយសជាតិនៅលើឆាកអន្តរជាតិ។

បន្ទាប់ពីកិច្ចនមស្សការព្រះរតនត្រ័យ និងរាប់បាត្រប្រគេនព្រះសង្ឃតាមបែបសាសនា ព្រមទាំងការសម្តែងរបាំថ្វាយព្រះពរដ៏ទន់ភ្លន់រួចមក ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យ បានលំអោនកាយវាចាចិត្ត បួងសួងដល់បារមីព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាព្រះមហស្វេតច្ឆត្រ ដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រគ្រប់ព្រះអង្គ និងទេវតាឆ្នាំថ្មី ព្រះនាម រាក្យសាទេវីសូមព្រះអង្គតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំពរជ័យ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមទ្រង់ប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្ត្រខ្មែរជានិច្ចនិរន្តរ៍តរៀងទៅ។

ពិធីចម្រើនព្រះជន្មនេះ មិនត្រឹមតែជាការគោរពតាមរដ្ឋធម្មនុញ្ញ និងប្រពៃណីជាតិនោះទេ ប៉ុន្តែគឺជាការបង្ហាញឱ្យឃើញនូវសាមគ្គីភាព និងកតញ្ញូកតវេទិតាធម៌ដ៏មហិមារបស់កូនចៅខ្មែរគ្រប់រូប ចំពោះព្រះមហាក្សត្រដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៕

ដោយ ឈុន សារ៉ាត





