ផ្លូវក្រាលកៅស៊ូ និងបេតុងជិត៣០គីឡូម៉ែត្រ នៅខេត្តបន្ទាយមានជ័យ សម្រេចបានលទ្ធផលយ៉ាងរលូន
AKP បន្ទាយមានជ័យ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦-- រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ បាន និងកំពុងបន្តជំរុញការកែប្រែមុខមាត់តំបន់ជនបទឱ្យក្លាយជាតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ តាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ប្រកបដោយគុណភាព ដើម្បីបម្រើដល់ការដឹកជញ្ជូនកសិផល និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
កាលពីរសៀលថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦ លោក ទូច ស៊ីផាត អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធានគ្រប់គ្រងគម្រោង (SAAMBAT) រួមជាមួយ លោក យូ ហួត អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យដោយផ្ទាល់នូវវឌ្ឍនភាពការងារលើកកម្រិតផ្លូវចំនួន៣ខ្សែ សរុបប្រវែង២៨.៨២ គីឡូម៉ែត្រ ស្ថិតក្នុងស្រុកព្រះនេត្រព្រះ និងស្រុកស្វាយចេក។

ក្នុងឱកាសចុះពិនិត្យនោះ លោក ទូច ស៊ីផាត បានគូសបញ្ជាក់ថា ការស្ថាបនាផ្លូវទាំងនេះស្ថិតក្រោម "គម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម" (SAAMBAT) ដែលជាយុទ្ធសាស្ត្រដ៏ច្បាស់លាស់របស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយគម្លាតរវាងទីក្រុង និងជនបទ។ សម្រួលការដឹកជញ្ជូនកសិផលពីចម្ការទៅកាន់ទីផ្សារបានឆាប់រហ័ស និងចំណាយតិច។ ធានានិរន្តរភាពនៃសំណង់ដោយសង្កត់ធ្ងន់លើគុណភាពបច្ចេកទេស ដើម្បីឱ្យផ្លូវអាចប្រើប្រាស់បានយូរអង្វែង ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

លោក យូ ហួត អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានបង្ហាញពីទិន្នន័យបច្ចេកទេសនៃគម្រោងដែលកំពុងអនុវត្ត រួមមានការក្រាលកៅស៊ូពីរជាន់ (DBST) និងបេតុង សាងសង់លូគ្រប់ប្រភេទចំនួន៥៧កន្លែង និងស្ពានបេតុង១កន្លែង ប្រវែង៣៦ម៉ែត្រ។ ផ្លូវខ្សែទី១៖ ផ្លូវជ្រាប់ចាស់ទៅជ្រាប់ថ្មី ប្រវែង ១២.៦៥ គ.ម (ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ)។ ខ្សែទី២៖ ផ្លូវកក់ទៅភាសត្បូង ប្រវែង ១២.៤៦ គ.ម តភ្ជាប់ពីឃុំជប់វ៉ារី កាត់តាមឃុំបុស្បូវ ទៅដល់ឃុំសារង្គ ស្រុកស្វាយចេក។ ខ្សែទី៣៖ ផ្លូវតាដួល ប្រវែង ៣.៧១ គ.ម (ឃុំផ្គាំ ស្រុកស្វាយចេក)។

លោក យូ ហួត បានមានប្រសាសន៍បន្ថែមទៀតថា "ការចុះពិនិត្យនេះ គឺដើម្បីធានាថាគ្រប់ដំណាក់កាលនៃការសាងសង់ គឺស្របតាមស្តង់ដារបច្ចេកទេសដែលបានកំណត់ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋនូវផ្លូវដែលរឹងមាំ និងមានសុវត្ថិភាព"។ ផ្លូវទាំង៣ ខ្សែនេះ មិនត្រឹមតែជាបន្ទាត់តភ្ជាប់ភូមិករនោះទេ ប៉ុន្តែវាជា "សរសៃឈាមសេដ្ឋកិច្ច" ថ្មីសម្រាប់អ្នកស្រុកព្រះនេត្រព្រះ និងស្វាយចេក។ ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានសម្តែងនូវក្តីរំភើបយ៉ាងខ្លាំង ដោយពួកគាត់លើកឡើងថាកាលពីមុន ផ្លូវមានការលំបាក ហុយខ្លាំងនៅរដូវប្រាំង និងលិចល្បាប់នៅរដូវវស្សា ដែលធ្វើឱ្យការដឹកកសិផលទៅលក់មានតម្លៃទាប និងយឺតយ៉ាវ។បច្ចុប្បន្ន ក្រោយពេលផ្លូវត្រូវបានលើកកម្រិតជាកៅស៊ូ និងបេតុង កូនចៅទៅរៀនបានស្រួល មិនប្រឡាក់សម្លៀកបំពាក់ ហើយការបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យក៏មានភាពរហ័សទាន់ចិត្ត។

តាមរយៈសមិទ្ធផលនេះបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលតាមរយក្រសួងអភិវឌ្ឍន៍ជនបទ ដែលមានឯកឧត្ដម ឆាយ ឫទ្ធិសែន ជារដ្ឋមន្ត្រី ក្នុងការបន្តបេសកកម្មកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីលើកកម្ពស់កម្រិតជីវភាព និងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងជាលំដាប់៕
ដោយ ឈុន សារ៉ាត





