ឧត្តមសេនីយ៍ទោ សោម ស៊ុន ជួបសំណេះសំណាលសាកសួរសុខទុក្ខគ្រួសារអតីតយុទ្ធជនពលីនៅក្រុងស្ទឹងសែនក្រោយពេលទទួលបានផ្ទះថ្មី
AKP កំពង់ធំ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦-- ដើម្បីអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំសហការីទៅសំណេះសំណាលសាកសួរសុខទុក្ខ និងឧបត្ថម្ភគ្រឿងឧបភោគបរិភោគ អំណោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជូនលោកស្រី អ៊ុល សុខនី ដែលជាភរិយាអតីតយុទ្ធជនពលី នៅភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា កន្លងទៅនេះ លោកស្រី អ៊ុល សុខនី ដែលជាភរិយាសពអតីតយុទ្ធជនពលី មានជីវភាពលំបាកខ្វះខាត មានដី តែមានជម្រកស្នាក់នៅមិនសមរម្យ ត្រូវបានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានសាងសង់ផ្ទះថ្មី១ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈឯកឧត្តមទេសរដ្ឋមន្រ្តី នាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជូនគាត់រួចមកហើយ ហើយគាត់មានសេចក្តីរំភើបចិត្តរកអ្វីមកប្រៀបផ្ទឹមពុំបាន និងមិននឹកស្មានថាមានថ្ងៃនេះ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់ក្រុមគ្រួសារគាត់ ត្រូវខិតខំថែរក្សាសុខភាព មើលថែរក្សាផ្ទះសម្បែងឱ្យបានល្អ សម្រាប់ការរស់នៅយូរអង្វែងតកូនតចៅ នឹងត្រូវចូលរួមជាមួយអាជ្ញាធរដែនដី អនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពនិងការងារសង្គមផ្សេងៗទៀត ប្រកបដោយសេចក្តីថ្លៃថ្នូរ សមស្របជាប្រជាពលរដ្ឋល្អនៅក្នុងសង្គមជាតិ។

នៅក្នុងឱកាសអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជននិងនិវត្តជនកម្ពុជា ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមតំណាងឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បាននាំយកនូវស្បៀងអាហារ គ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួនដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនលោកស្រី អ៊ុល សុខនី ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃផងដែរ៕
ដោយ ស៊ុម វណ្ណា





