សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ឡើងវិញពីជំហរមិនចរចាទ្វេភាគីណាមួយជាមួយថៃ អំពីបញ្ហាសមុទ្រនោះទេ ដោយត្រូវដើរត្រង់ទៅរកយន្តការច្បាប់សមុទ្រឆ្នាំ ១៩៨២ តែម្តង
AKP ភ្នំពេញ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦--អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានគូសបញ្ជាក់ឡើងវិញពីជំហរមិនចរចាទ្វេភាគីណាមួយជាមួយថៃ អំពីបញ្ហាសមុទ្រនោះទេ ដោយត្រូវដើរត្រង់ទៅរកយន្តការច្បាប់សមុទ្រឆ្នាំ ១៩៨២ តែម្តង ដោយមិនរង់ចាំការយល់ព្រមណាមួយពីភាគីថៃឡើយ។ ការបញ្ជាក់បែបនេះ គឺជាការឆ្លើយតបទៅនឹងសារព័ត៌មានថៃ ដែលស្រង់សម្តីរដ្ឋមន្ត្រីការបរទេសថៃមកផ្សាយថា៖ «ក្រោមអនុសញ្ញាច្បាប់សមុទ្រ បន្ទាប់ពីលុបចោលអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ (MoU-2001) ត្រូវតែដំណើរការក្នុងក្របខ័ណ្ឌនៃអនុសញ្ញាដែលមានច្រើនដំណាក់កាល ហើយវិធីសាស្ត្រចម្បងគួរតែជាការចរចារវាងភាគីទាំងពីរជាមុនសិន»។
ប៉ុន្តែ សម្តេចតេជោ ហ៊ុន សែន បានពន្យល់តបថា ប្រសិនបើការចុះផ្សាយនេះជាសម្តីពិតរបស់រដ្ឋមន្ត្រីការបរទេសថៃមែននោះ ពាក្យថា «វិធីសាស្ត្រចម្បងគួរតែការចរចារវាងភាគីទាំងពីរជាមុនសិន» គឺផ្ទុយស្រឡះជាមួយសកម្មភាពរបស់ភាគីថៃ ដែលបានលុបចោល MoU-2001 ដោយឯកតោភាគី ពោលគឺ ថៃបានលុបចោលក្របខ័ណ្ឌនៃការចរចាទ្វេភាគីរួចស្រេចទៅហើយសម្រាប់ដែនសមុទ្រត្រួតគ្នា។ សម្តេចប្រមុខរដ្ឋស្តីទីក៏បានគូសបញ្ជាក់ឡើងវិញថា កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ សម្តេចបានរំលឹកម្តងរួចហើយថា កុំបង្កើតយន្តការទ្វេភាគីថ្មីជំនួសឲ្យយន្តការទ្វេភាគីចាស់ដែលថៃលុបចោល។ យើងសោកស្តាយដែលថៃលុប MoU-2001 ចោល តែយើងក៏អរគុណថៃ ដែលបានជួយយើងឱ្យប្រើប្រាស់យន្តការអន្តរជាតិជាជំនួសវិញ។
ក្នុងការធ្វើ សេចក្ដីថ្លែងការណ៍៖ បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង» នៅថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលក៏សូមបញ្ជាក់ជូនជនរួមជាតិជ្រាបដែរថា ភ្លាមៗក្រោយពីគណៈរដ្ឋមន្ត្រីថៃសម្រេចលុបចោល MoU-2001 សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ បានប្រកាសប្រាប់ប្រជាពលរដ្ឋខ្មែរថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ ឬជាភាសាអង់គ្លេសហៅថា Compulsory Conciliation ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ផ្អែកលើមូលដ្ឋានច្បាប់ក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជានិងថៃ។
សម្តេចធិបតីបន្តថា យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation) ត្រូវបានបង្កើតឡើងដោយអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីជួយទៅដល់រដ្ឋភាគីដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី និងស្របទៅតាមច្បាប់អន្តរជាតិ។ ដូច្នេះ ការសម្រេចចិត្តរបស់កម្ពុជាក្នុងការប្រើប្រាស់យន្តការនេះ ឆ្លុះបញ្ចាំងឱ្យឃើញអំពីសេចក្តីសង្ឃឹមដ៏ស្មោះត្រង់ដែលប្រទេសទាំងពីរអាចសម្រេចបាននូវដំណោះស្រាយមួយដោយយុត្តិធម៌ យូរអង្វែង និងស្របទៅតាមច្បាប់អន្តរជាតិ ដែលនឹងអនុញ្ញាតឱ្យប្រជាជនយើងរស់នៅជាមួយគ្នាដោយសន្តិភាព ស្ថេរភាព និងសេចក្តីសុខ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ក្នុងនាមជារដ្ឋដែលគោរព និងប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ ក៏ដូចជាការដោះស្រាយជម្លោះដោយសន្តិវិធី កម្ពុជាគ្មានជម្រើសអ្វីក្រៅពីពឹងផ្អែកទៅលើច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ជាពិសេសយន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ ដែលបង្កើតឡើងក្រោមអនុសញ្ញានេះឡើយ។ នេះគឺជាជំហរដ៏ម៉ឺងម៉ាត់ និងច្បាស់លាស់ដែលរាជរដ្ឋាភិបាលកម្ពុជាប្រកាន់យកសម្រាប់ដោះស្រាយវិវាទដែនសមុទ្រត្រួតគ្នាជាមួយប្រទេសថៃក្រោយពេលដែលថៃសម្រេចលុបចោល MoU-2001 ឬដែលថៃហៅថា MoU-44។ ជំហរនេះក៏ត្រូវបានជំរាបជូនភាគីថៃរួចហើយដែរតាមរយៈកំណត់ទូតចុះថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ និងក្នុងជំនួបត្រីភាគីនៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦៕

ដោយ៖ គង់ សិរីរ័ត្ន





