តម្លៃប្រេងកើនឡើងខ្ពស់ ដោយសារការបរាជ័យនៃកិច្ចព្រមព្រៀងសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់
AKP ភ្នំពេញ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ -- តម្លៃប្រេងសកលលោកបានកើនឡើងពេញមួយយប់ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ការផ្តល់ជូនតបតរបស់អ៊ីរ៉ង់ចំពោះផែនការ១៤ចំណុចរបស់សហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្គ្រាម គឺមិនអាចទទួលយកបានទាំងស្រុង។
ប្រេងឆៅប្រភេទ Brent ដែលជាស្តង់ដារអន្តរជាតិ បានកើនឡើងជាង៤% ដែលឈានដល់តម្លៃ ១០៥,៥០ដុល្លារអាម៉េរិកក្នុងមួយបារ៉ែល ខណៈដែលប្រេងប្រភេទ West Texas Intermediate បានឡើងដល់៩៩,៨០ដុល្លារអាម៉េរិក ដែលកើនឡើង ៤,៤% ខណៈដែលទីផ្សារបានឆ្លើយតបទៅនឹងការរំពឹងទុកនៃការរំខានដល់ការផ្គត់ផ្គង់ជាបន្តបន្ទាប់។
តម្លៃបានធ្លាក់ចុះបន្តិចនៅក្នុងការជួញដូរនៅអឺរ៉ុប បន្ទាប់ពីទីផ្សារនៅទីនោះបានបើក ដោយកិច្ចសន្យាប្រេង Brent បានផ្លាស់ប្តូរនៅពាក់កណ្តាលព្រឹកនៅទីក្រុងឡុងដ៍កាលពីថ្ងៃចន្ទ នៅតម្លៃ ១០៣,៩៥ដុល្លារអាម៉េរិកក្នុងមួយបារ៉ែល និងប្រេងឆៅអាម៉េរិក នៅតម្លៃ ៩៧,៥៩ដុល្លារអាម៉េរិកក្នុងមួយបារ៉ែល។
លោកស្រី ស៊ូសាន់ណាហ៍ ស្រ្ទីតធ័រ (Susannah Streeter) ប្រធានយុទ្ធសាស្ត្រវិនិយោគនៅ Wealth Club បាននិយាយ «ខណៈដែលមានការរំពឹងទុកខ្លះៗថា ការផ្ទុះឡើងនៃសង្គ្រាមដ៏ធំទំនងជាមិនសូវកើតឡើងទេដោយសារតែសហរដ្ឋអាមេរិកបានអះអាងថា បទឈប់បាញ់នៅតែមានជាធរមាន ហើយការរឹតបន្តឹងការផ្គត់ផ្គង់ទំនិញយ៉ាងធ្ងន់ធ្ងរក៏នឹងនៅតែបន្ត។ដោយសារវិបត្តិនេះ ឥឡូវនេះបានចូលដល់សប្តាហ៍ទី១១ ហើយ ដែលអ្នកប្រើប្រាស់ ក្រុមហ៊ុន និងប្រទេសនានាកំពុងត្រូវសម្របខ្លួនទៅនឹងពិភពនៃការផ្គត់ផ្គង់ដែលមានកម្រិត»។
លោកស្រី ហ្វេលីប៉េ អេលីង ស្កូអ៊ូមេន (Felipe Elink Schuurman)នាយកប្រតិបត្តិក្រុមហ៊ុន Sparta Commodities បានប្រាប់សារព័ត៌មានCNBC ថា ផលប៉ះពាល់សេដ្ឋកិច្ចអាចអាក្រក់ដូចក្នុងអំឡុងពេលវិបត្តិជំងឺរាតត្បាតកូវីដ-១៩។
លោកស្រី ស្កូអ៊ូមេន បាននិយាយថា «ជាមធ្យម ក្នុងឆ្នាំ២០២០ យើងបានបាត់បង់តម្រូវការ ៩លានបារ៉ែលក្នុងមួយថ្ងៃបើប្រៀបធៀបទៅនឹងឆ្នាំ២០១៩ ដែលស្ទើរតែស្មើនឹងអ្វីដែលយើងកំពុងបាត់បង់នៅពេលនេះទាក់ទងនឹងការផ្គត់ផ្គង់»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





