អង្គការសុខភាពពិភពលោក ៖ វីរុសហាន់តាងាយឆ្លងបំផុតភ្លាមៗនៅពេលដែលរោគសញ្ញាលេចឡើង
AKP ភ្នំពេញ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ -- អង្គការសុខភាពពិភពលោក(WHO) បាននិយាយកាលពីពេលថ្មីៗនេះថា វីរុសហាន់តា ដែលនៅពីក្រោយការផ្ទុះឡើងដ៏សាហាវនៅលើនាវាទេសចរណ៍មួយគ្រឿង គឺឆ្លងខ្លាំងបំផុតនៅពេលដែលរោគសញ្ញាលេចឡើង ដោយបានពន្យល់ពីតម្រូវការក្នុងការដាក់អ្នកដែលបានប៉ះពាល់ជាមួយវាឱ្យនៅដាច់ដោយឡែក។
ការផ្ទុះឡើងនៃមេរោគដ៏កម្រនេះនៅលើនាវាទេសចរណ៍ MV Hondius ដែលមានទង់ជាតិហូឡង់ បានឆក់យកជីវិតមនុស្សចំនួនបីនាក់ និងជំរុញឱ្យមានការព្រួយបារម្ភទូទាំងពិភពលោកអំពីការរីករាលដាលដែលអាចកើតមាន ខណៈដែលអ្នកជម្លៀសត្រូវបានត្រឡប់ទៅកាន់ប្រទេសរបស់ពួកគេវិញ។
លោក អូលីវីយែរ ឡឺ ប៉ូឡាំង (Olivier Le Polain) ដែលជាប្រធានផ្នែករោគរាតត្បាត និងវិភាគរបស់អង្គការ WHO សម្រាប់ផ្នែកឆ្លើយតបបាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមមួយថា «ពេលវេលាដំបូងនៃជំងឺគឺនៅពេលដែលការឆ្លងខ្ពស់បំផុត»។
អង្គការ WHO បានណែនាំថា មនុស្សជិត ១៥០នាក់ដែលនៅលើនាវានៅពេលដែលវាទៅដល់នៅព្រឹកថ្ងៃអាទិត្យនៅក្នុងដែនទឹកនៃកោះTenerife បានចុះចេញពីនាវាគួរតែត្រូវបានដាក់ឱ្យនៅដាច់ដោយឡែករយៈពេលប្រាំមួយសប្តាហ៍។
លោក ប៉ូឡាំង បាននិយាយថា ជាមធ្យម អ្នកដែលឆ្លងមេរោគចាប់ផ្តើមវិវត្តរោគសញ្ញាបន្ទាប់ពីរយៈពេលប្រហែលបីសប្តាហ៍។
លោកបានសង្កត់ធ្ងន់ថា វាជារឿងសំខាន់ដែលមិនត្រូវរង់ចាំរោគសញ្ញាលេចឡើងមុនពេលដាក់អ្នកដែលមានទំនាក់ទំនងដែលអាចកើតមានដាច់ដោយឡែក៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





