ឯកឧត្តម អភិបាលខេត្ត ចុះពិនិត្យរៀបចំកែលម្អអនា ម័យ បរិស្ថានទីលានតេជោ
AKP ខេត្តព្រះសីហនុ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦---
រសៀលថ្ងៃអង្គារទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិ បាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំមន្ត្រីជំនាញចុះពិនិត្យទីតាំងទីលានតេជោ ដើម្បីរៀបចំកែលម្អបរិស្ថាន អនាម័យ ជាពិសេសការជួសជុលការ៉ូឡាដែលខូចខាត នៅទីលានតេជោ ស្ថិតនៅក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ។

ក្នុងឪកាសចុះពិនិត្យរៀបចំកែលម្អទីតាំងទីលានតេជោ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានឪ្យដឹងថា ការចុះពិនិត្យរៀបចំកែលម្អសោភ័ណ ភាពអនាម័យ បរិស្ថាន ជាពិសេសការជួសជុលការ៉ូឡាដែលបានខូចខាតនាពេលកន្លងមក បំរើឪ្យលំហរសាធារណសម្រាប់មហាជនមកលេងកម្សាន្ត ដើម្បីស្រូបយកខ្យល់ អាកាសបរិសុទ្ធ ហើយក៏ជាកន្លែងថតរូបទេស ភាពអគារខ្ពស់ និងសមុទ្រនាថ្ងៃរៀបលិច ក៏ ជាកន្លែងហាត់ ប្រាណមួយពេញនិយមផងដែរ។


ជាមួយគ្នានោះដែរ ឯកឧត្តម អភិបាល ខេត្តព្រះសីហនុបានបញ្ជាក់ថា ទីលានតេជោ ជាទីធ្លាធំទូលាយមួយសម្រាប់រៀបចំពិធីបុណ្យជាតិ និងអន្តរជាតិមួយសម្រាប់ខេត្តព្រះសីហនុ ហើយក៏ជាទីតាំងល្អមួយក្នុងការទាក់ ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ និងអ្នកវិនិយោគិនបរទេសមកកាន់ខេត្តព្រះសីហនុ។ ម្យ៉ាងទៀតការរៀបចំកែលម្អទីលានតេជោ ដើម្បីត្រៀមរៀបចំពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុ នៅចុងខែធ្នូ ឆ្នាំ២០២៦នេះផងដែរ ព្រោះពិធីបុណ្យសមុទ្រឆ្នាំ២០២៥ កន្លងមក ត្រូវបានអាកខាន ដោយ សារតែវិបត្តិសង្គ្រាមបង្កឡើងដោយយោធាថៃ ។ហើយឆ្នាំនេះយើងសង្ឃឹមថា បុណ្យសមុទ្រឆ្នាំ២០២៦ រៀបចំធ្វើឡើងនៅទីលានតេជោ ក្រុងព្រះសីហនុ តាមការគ្រោងទុក៕


ដោយ ៖ ងូ សុមុនី





