កម្ពុជាលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរចិន ដែលមកស្នាក់នៅរយៈពេល១៤ថ្ងៃ ដោយចាប់ផ្តើមអនុវត្តពីពាក់កណ្តាលខែមិថុនា ដល់ពាក់កណ្តាលខែតុលា
AKP ភ្នំពេញ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦--វិស័យទេសទេសចរណ៍បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យមានការរីកចម្រើន។ពីមួយឆ្នាំទៅមួយឆ្នាំភ្ញៀវទេសចរបរទេសបានមកលេង និងស្នាក់នៅក្នុងប្រទេសកម្ពុជាមានការកើនឡើងជាលំដាប់ ជាមួយនឹងកំណើនភ្ញៀវទេសចរនេះបានធ្វើឱ្យប្រទេសកម្ពុជាអាចរកចំណូលពីវិស័យនេះបានរាប់រយលានដុល្លារក្នុងមួយឆ្នាំៗ។
ដើម្បីទាក់ទាញភ្ញៀវទេសចរជនជាតិចិនឱ្យមកលេងប្រទេសកម្ពុជាកាន់តែច្រើនបន្ថែមទៀតនោះ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ការលើកទឹក ដោយលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរចិនដែលមកស្នាក់នៅក្នុងប្រទេសកម្ពុជារយៈពេល១៤ថ្ងៃ។ការលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរជនជាតិចិននេះមានរយៈពេល៥ខែនឹងចាប់ផ្តើមអនុវត្តពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដែលជារដូវកាលបៃតង។


បើយោងតាមតួលេខដែលទទួលបានពីក្រសួងទេសចរណ៍បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជា ៥,៥៧ លាននាក់ ក្នុងនោះភ្ញៀវទេសចរជនជាតិចិនមានជាង ១,២ លាននាក់ កើនឡើងជិត៤២% និងស្ថិតក្នុងលំដាប់ទី២ នៃភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា។ ដោយឡែក ក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ២០២៦ កម្ពុជាទទួលបានភ្ញៀវទេសចរចិនជាង ២៤ម៉ឺននាក់ ឈរនៅលំដាប់លេខរៀងទី១៕


ដោយ វាសនា





