ក្រុមហ៊ុន Emirates ចាត់ទុកទីក្រុងសៀមរាប គឺជាគោលដៅទេសចរណ៍ថ្មីមួយសម្រាប់ក្រុមហ៊ុន ខណៈឆ្នាំ២០២៥-២០២៦ ទទួលប្រាក់ចំណេញ ៦ ៦០០ លានដុល្លារ
AKP ភ្នំពេញ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦--Emirates នៅតែជាក្រុមហ៊ុនអាកាសចរណ៍មានប្រាក់ចំណេញខ្លាំងជាងគេបំផុតលើពិភពលោក ដោយបន្តពង្រីកបណ្ដាញហោះហើររបស់ខ្លួន ដូចជាផ្លូវហោះហើរពីសៀមរាប ទៅ ឌូបៃជាដើម ខណៈសម្ព័ន្ធក្រុមហ៊ុន Emirates ទទួលប្រាក់ចំណេញ ៦ ៦០០ លានដុល្លារ នៅឆ្នាំ២០២៥-២០២៦។
ជាមួយគ្នានេះ សម្ព័ន្ធក្រុមហ៊ុន Emirates Group បានចេញរបាយការណ៍ប្រចាំឆ្នាំ ២០២៥-២០២៦ របស់ខ្លួន ដោយសម្រេចបាននូវប្រាក់ចំណេញ ប្រាក់ចំណូល និងសមតុល្យសាច់ប្រាក់ក្នុងកម្រិតកំណត់ត្រាថ្មី បើទោះបីជាជួបមានបញ្ហារអាក់រអួល និងបញ្ហាប្រឈមក្នុងរយៈពេល ១២ ខែ នៃការិយបរិច្ឆេទហិរញ្ញវត្ថុរបស់ខ្លួនក្ដី។ នេះបើយោងតាមរបាយការណ៍ដែលបានចេញផ្សាយប្រចាំឆ្នាំរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates។

នៅក្នុងរបាយការណ៍នេះដែរ ក្រុមហ៊ុនក៏បានលើកឡើងពីក្រុងសៀមរាប ថាជាគោលដៅធ្វើដំណើរថ្មីមួយសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ Emirates ព្រមជាមួយទីក្រុងដាណាង ហាំងចូវ និងសិនជិន។ លើសពីនេះ ក្រុមហ៊ុនអាកាសចរណ៍ Emirates បានបន្ថែមសេវាកម្មផ្សេងៗ សម្រាប់គោលដៅហោះហើរដែលមានស្រាប់ដើម្បីបំពេញតម្រូវការរបស់អតិថិជន។
គិតត្រឹមថ្ងៃទី៣១ ខែមីនា បណ្តាញជើងហោះហើរសាកលរបស់អាកាសចរណ៍ Emirates បានគ្របដណ្តប់លើទីក្រុងចំនួន ១៥២ នៅក្នុងប្រទេសចំនួន ៨០។ ក្រុមហ៊ុនអាកាសចរណ៍ Emirates ក៏បានពង្រីកភាពជាដៃគូប្រើកូដហោះហើររួមគ្នា (Codeshare) រហូតដល់ទៅ ៣២ ដៃគូ និងដៃគូភ្ជាប់បណ្ដាញហោះហើរ និងលក់សំបុត្ររួមគ្នា (Interline) រហូតដល់ទៅ ១១៧ ដៃគូ ដែលទាំងអស់នេះជួយឱ្យអតិថិជនអាចហោះហើរទៅកាន់ទីក្រុងជាង ១ ៧០០ កន្លែង បន្ថែមលើបណ្ដាញហោះហើររបស់ខ្លួន ។
ក្នុងរបាយការណ៍បានឱ្យដឹងទៀតថា សម្រាប់ការិយបរិច្ឆេទហិរញ្ញវត្ថុ ដែលបិទបញ្ចប់នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៦ សម្ព័ន្ធក្រុមហ៊ុនអាកាសចរណ៍ Emirates ទទួលបានប្រាក់ចំណេញមុនបង់ពន្ធ បានកើនឡើងក្នុងកម្រិតកំណត់ត្រា គឺមានទំហំទឹកប្រាក់ ៦ ៦០០ លានដុល្លារអាម៉េរិក) កើនឡើង ៧% ធៀបនឹងឆ្នាំមុន ហើយអត្រាភាគរយនៃប្រាក់ចំណេញមុនបង់ពន្ធនេះ គឺស្មើនឹង ១៦,២% ។ ប្រាក់ចំណូលក្នុងកម្រិតកំណត់ត្រា មានទំហំទឹកប្រាក់ ៤១ ពាន់លានដុល្លារអាម៉េរិក) កើនឡើង ៣% ធៀបនឹងលទ្ធផលពីឆ្នាំមុន ។ សាច់ប្រាក់កើនឡើងក្នុងកម្រិតកំណត់ត្រា ដោយមានទំហំ ១៦,២ ពាន់លានដុល្លារ ដែលកើនឡើង ១២% ធៀបនឹងឆ្នាំមុន ។ ប្រាក់ចំណេញមុនបង់ពន្ធ ការប្រាក់ និង រំលោះ (EBITDA) មានទំហំទឹកប្រាក់ ១១,២ ពាន់លានដុល្លារ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីភាពរឹងមាំនៃលទ្ធភាពចំណេញពីប្រតិបត្តិការ។
ក្នុងរបាយការណ៍ដដែលបានបន្ដថា សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ Emirates គឺនៅតែរក្សាតំណែងរបស់ខ្លួនជាក្រុមហ៊ុនអាកាសចរណ៍ទទួលប្រាក់ចំណេញខ្លាំងជាងគេបំផុតលើពិភពលោក។

ព្រះអង្គម្ចាស់ Sheikh Ahmed bin Saeed Al Maktoum ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Emirates និងសម្ព័ន្ធក្រុមហ៊ុន Emirates មានបន្ទូលថា លទ្ធផលដ៏ត្រចះត្រចង់ទាំងអស់នេះ បើទោះបីជាមានបញ្ហាប្រឈមសំខាន់ៗនៅក្នុងខែចុងក្រោយនៃការិយបរិច្ឆេទហិរញ្ញវត្ថុរបស់យើងក៏ដោយ សបញ្ជាក់ឱ្យឃើញជាថ្មីពីភាពរឹងមាំ និងភាពធន់នៃគំរូអាជីវកម្មរបស់សម្ព័ន្ធក្រុមហ៊ុន Emirates ដែលចាក់ឫសចាក់គល់ផ្នែកសុវត្ថិភាព ឧត្តមភាព នវានុវត្តន៍ ធនធានមនុស្ស និងភាពជាដៃគូ។ ព្រះអង្គបន្ដថា សម្រាប់រយៈពេល ១១ ខែ នៃឆ្នាំសារពើពន្ធ ២០២៥-២០២៦ ទិដ្ឋភាពទូទាំងសម្ព័ន្ធក្រុមហ៊ុនទាំងមូលគឺមានភាពវិជ្ជមានខ្លាំងណាស់ ហើយតម្រូវការខ្ពស់សម្រាប់ផលិតផល និងសេវាកម្មរបស់យើងកំពុងជំរុញកំណើនប្រាក់ចំណូល និងសម្រេចបានប្រាក់ចំណេញល្អប្រសើរ ដោយសារការវិនិយោគជាប់លាប់លើផលិតផល ធនធានមនុស្ស បច្ចេកវិទ្យា និងម៉ាកយីហោ។ ព្រះអង្គម្ចាស់ Sheikh Ahmed bin Saeed Al Maktoum បានសង្កត់ធ្ងន់ថា៖ «យើងមានសំណាងណាស់ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ ពីព្រោះទីក្រុងនេះមានការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធអស់រយៈពេលជាច្រើនឆ្នាំ និងប្រព័ន្ធអេកូឡូស៊ីអាកាសចរណ៍ដ៏ស៊ីសង្វាក់គ្នា បានអនុញ្ញាតឱ្យរដ្ឋាភិបាលស្វែងរកបាននូវច្រករបៀងសុវត្ថិភាពយ៉ាងឆាប់រហ័សសម្រាប់ជើងហោះហើរផ្នែកពាណិជ្ជកម្ម។ ក្រុមហ៊ុនអាកាសចរណ៍ Emirates និង dnata បានស្តារប្រតិបត្តិការឡើងវិញបន្តិចម្តងៗនៅ DXB។ ទោះបីជាយើងធ្វើប្រតិបត្តិការក្នុងកម្រិតទាបជាងសមត្ថភាពក្នុងការដឹកអ្នកដំណើរ បើធៀបនឹងមុនពេលសង្គ្រាមក្ដី ប៉ុន្តែប្រតិបត្តិការដឹកទំនិញបានកើនឡើងដើម្បីគាំទ្រដល់ចលនាដឹកជញ្ជូនទំនិញសំខាន់ៗចូលទៅក្នុង និងឆ្លងកាត់ប្រទេសអារ៉ាប់រួម»។

ព្រះអង្គម្ចាស់ Sheikh Ahmed មានបន្ទូលបន្ថែមថា សម្ព័ន្ធក្រុមហ៊ុន Emirates ធ្លាប់បានហែលឆ្លងវិបត្តិ និងព្រឹត្តិការណ៍រំខានពីមុនៗមក ហើយរាល់ពេលយើងផ្តោតការយកចិត្តទុកដាក់ទៅលើអតិថិជន និងបុគ្គលិករបស់យើង ហើយរាល់ពេល យើងបានងើបឡើងវិញប្រកបដោយភាពរឹងមាំជាងមុន។ ព្រះអង្គម្ចាស់បានលើកឡើងថា៖ «បុគ្គលិករបស់យើងជាផ្នែកដ៏ធំមួយនៃភាពជោគជ័យរបស់យើង ដែលផ្ដល់លទ្ធភាពឱ្យយើងឆ្លើយតបទៅនឹងបញ្ហានានាដោយភាពរហ័សរហួននៅក្នុងបរិយាកាសប្រតិបត្តិការប្រកបដោយភាពស្វាហាប់។ ខ្ញុំសូមថ្លែងអំណរគុណដល់បុគ្គលិកទាំងអស់របស់យើង ពីព្រោះពួកគាត់ពិតជាបានបង្ហាញឱ្យឃើញពីគុណវុឌ្ឍិ ដែលធ្វើឱ្យសម្ព័ន្ធក្រុមហ៊ុន Emirates ឆ្លងកាត់បានរាល់ពេលលំបាក»។
សូមជម្រាបជូនថា ក្នុងឆ្នាំ ២០២៥-២០២៦ សម្ព័ន្ធក្រុមហ៊ុនបានវិនិយោគរួមគ្នាក្នុងទំហំទឹកប្រាក់ ១៧,៩ ពាន់លានឌីរ៉ាមអេមីរ៉េត (៤,៩ ពាន់លានដុល្លារអាម៉េរិក) លើយន្តហោះថ្មី គ្រឿងបរិក្ខារ ឧបករណ៍ និងបច្ចេកវិទ្យាថ្មីចុងក្រោយបំផុត ដើម្បីគាំទ្រដល់ផែនការកំណើនរបស់ខ្លួន។ ចំពោះកម្លាំងពលកម្មសរុបរបស់សម្ព័ន្ធក្រុមហ៊ុន បានកើនឡើង ៨% ដោយសព្វថ្ងៃមានបុគ្គលិក និយោជិតរហូតដល់ទៅ ១៣០ ៩១៩ នាក់ ។
ក្នុងឱកាសនោះ ព្រះអង្គម្ចាស់ Sheikh Ahmed បានមានព្រះបន្ទុលបន្ថែមផងដែរថា៖ «គំរូអាជីវកម្មរឹងមាំរបស់សម្ព័ន្ធក្រុមហ៊ុន Emirates មិនមានការផ្លាស់ប្ដូរទេ។ តំណែងរបស់ទីក្រុងឌូបៃ ជាចំណុចប្រសព្វនៃការធ្វើពាណិជ្ជកម្ម ជួញដូរ និងលំហូរទេសចរណ៍សកល ក៏មិនប្រែប្រួលដែរ។ មហិច្ឆតារបស់យើងចង់ក្លាយជាក្រុមហ៊ុនល្អបំផុតនៅលើពិភពលោក និងបម្រើសេវាល្អបំផុតដល់ពិភពលោក គឺនៅតែដដែល»៕
ដោយ៖ រិទ្ធី





