លោក ណេតាន់យ៉ាហ៊ូ៖ សង្គ្រាមអ៊ីរ៉ង់ «មិនទាន់ចប់ទេ» រហូតដល់សារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់ត្រូវបានលុបបំបាត់
AKP ភ្នំពេញ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ -- នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រកាសថា ជម្លោះជាមួយអ៊ីរ៉ង់នៅតែមិនទាន់បញ្ចប់នៅឡើយទេ ទោះបីជាមានការធ្លាក់ចុះយ៉ាងខ្លាំងនៃសមត្ថភាពយោធារបស់ទីក្រុងតេអេរ៉ង់ក៏ដោយ។ នៅក្នុងបទសម្ភាសន៍ថ្មីៗនេះ លោកបានសង្កត់ធ្ងន់ថា ការដកយកសារធាតុអ៊ុយរ៉ាញ៉ូមដែលចម្រាញ់ចេញ និងការរុះរើហេដ្ឋារចនាសម្ព័ន្ធចម្រាញ់ទាំងស្រុង គឺជាគោលបំណងសំខាន់។ ខណៈដែលលោក ណេតាន់យ៉ាហ៊ូ បានបដិសេធមិនពិភាក្សាអំពីផែនការយោធាជាក់លាក់ លោកបានកត់សម្គាល់ថា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ត្រាំ បានបង្ហាញពីបំណងប្រាថ្នាយ៉ាងខ្លាំងក្នុងការដោះស្រាយឃ្លាំងស្តុកនុយក្លេអ៊ែរ ដែលអ៊ីស្រាអែលចាត់ទុកថាជាការគំរាមកំហែង។
ភាពតានតឹងផ្នែកការទូតនៅតែបន្តកើតមាន ខណៈដែលអ៊ីស្រាអែលកំពុងរង់ចាំការអនុវត្តបន្ទាប់របស់ទីក្រុងវ៉ាស៊ីនតោន។ របាយការណ៍ថ្មីៗនេះបានបង្ហាញថា លោកប្រធានាធិបតី ត្រាំ បានធានាដល់លោក ណេតាន់យ៉ាហ៊ូ ថា លោកនឹងមិនធ្វើសម្បទានទាក់ទងនឹងសារធាតុអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់ទេ។ ទន្ទឹមនឹងនេះ អ៊ីរ៉ង់បានដាក់សំណើតបតវិញតាមរយៈអ្នកសម្របសម្រួលប៉ាគីស្ថាន ដោយទាមទារឱ្យមានការលើកលែងទណ្ឌកម្មសំណងពីសហរដ្ឋអាមេរិក និងការដោះលែងទ្រព្យសម្បត្តិដែលត្រូវបានបង្កក។ ទីក្រុងតេអេរ៉ង់នៅតែបន្តបដិសេធលក្ខខណ្ឌរបស់សហរដ្ឋអាមេរិក ដោយបានចាត់ទុកថា ជាការទាមទារហួសហេតុ ដែលរំលោភលើអធិបតេយ្យភាពអ៊ីរ៉ង់។
តំបន់ដ៏ធំទូលាយនេះនៅតែស្ថិតក្នុងស្ថានភាពស្ថិរភាពផុយស្រួយបន្ទាប់ពីការវាយប្រហារយោធាដែលបានចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈដែលនាំឱ្យមានការវាយប្រហារសងសឹក និងការបិទច្រកសមុទ្រហ័រមុស។បើទោះបីជាបទឈប់បាញ់ត្រូវបានបង្កើតឡើងនៅថ្ងៃទី០៨ ខែមេសាតាមរយៈការសម្របសម្រួលរបស់ប៉ាគីស្ថានក៏ដោយ ក៏កិច្ចចរចាជាផ្លូវការនៅទីក្រុងអ៊ីស្លាម៉ាបាដមិនទាន់បានបង្កើតកិច្ចព្រមព្រៀងអចិន្ត្រៃយ៍ណាមួយនៅឡើយទេ។ សម្រាប់ពេលនេះ បទឈប់បាញ់នៅតែមានប្រសិទ្ធភាពដោយគ្មានកាលកំណត់ជាក់លាក់ណាមួយឡើយ ដែលទុកឱកាសតូចចង្អៀតសម្រាប់កិច្ចខិតខំប្រឹងប្រែងការទូតជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ការកើនឡើងនៃភាពតានតឹងបន្ថែមទៀត៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





