រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន និងប្រេសិតអាមេរិក ពិភាក្សាអំពីស្ថានភាពក្នុងតំបន់
AKP ភ្នំពេញ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ -- ក្រសួងការបរទេសប៉ាគីស្ថានបាននិយាយថា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក ម៉ូហាមម៉ាដ អ៊ីសាក ដារ (Mohammad Ishaq Dar) បានជួបជាមួយ លោកស្រី ណាតាលី អា បាកើ (Natalie A. Baker) ភារធារីអាមេរិកកាលពីថ្ងៃចន្ទ ដើម្បីពិភាក្សាអំពីស្ថានភាពក្នុងតំបន់ដែលកំពុងវិវត្តនិងទំនាក់ទំនងទ្វេភាគីប៉ាគីស្ថាន-អាមេរិក កាន់តែទូលំទូលាយ។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ លោក ដារ បានគូសបញ្ជាក់ពីតួនាទីរបស់ប្រទេសប៉ាគីស្ថានក្នុងការសម្របសម្រួលការទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដោយសម្តែងក្តីសង្ឃឹមថា កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដែលកំពុងបន្តនឹងជួយលើកកម្ពស់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងក្រៅតំបន់។
សេចក្តីថ្លែងការណ៍នេះបាននិយាយថា រដ្ឋមន្ត្រីការបរទេសក៏បានកោតសរសើរចំពោះជំនួយជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិកក្នុងការធ្វើមាតុភូមិនិវត្តន៍នាវិកប៉ាគីស្ថាន និងអ៊ីរ៉ង់តាមរយៈប្រទេសសិង្ហបុរីផងដែរ។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប្រទេសប៉ាគីស្ថានបានបង្កើនការចូលរួមផ្នែកការទូតដែលមានគោលបំណងលើកទឹកចិត្តដល់ការសន្ទនារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ចំពេលមានភាពតានតឹងក្នុងតំបន់កើនឡើង៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





