អ៊ុយក្រែន និងសហរដ្ឋអាមេរិក ពិភាក្សាអំពីលទ្ធភាពនៃកិច្ចប្រជុំកំពូលស្តីពីវិបត្តិអ៊ុយក្រែន
AKP ភ្នំពេញ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ -- ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) បានមានប្រសាសន៍កាលពីថ្ងៃចន្ទថា អ៊ុយក្រែន និងសហរដ្ឋអាមេរិកបានពិភាក្សាអំពីលទ្ធភាពនៃកិច្ចប្រជុំកម្រិតមេដឹកនាំលើមធ្យោបាយដើម្បីបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន។
លោក ហ្សេលេនស្គី បាននិយាយថា បញ្ហានេះត្រូវបានលើកឡើងក្នុងអំឡុងពេលដំណើរទស្សនកិច្ចថ្មីៗនេះរបស់ លោក រូស្តេម យូមេរ៉ូវ (Rustem Umerov) លេខាធិការក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន ទៅកាន់សហរដ្ឋអាមេរិក។
លោក ហ្សេលេនស្គី បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមតេឡេក្រាម បន្ទាប់ពីកិច្ចប្រជុំជាមួយលោក យូមេរ៉ូវ ថា «ទម្រង់ដែលអាចធ្វើទៅបានសម្រាប់កិច្ចប្រជុំ និងការចរចានៅកម្រិតមេដឹកនាំដើម្បីបញ្ចប់សង្គ្រាមក៏ត្រូវបានពិភាក្សានៅសហរដ្ឋអាមេរិកផងដែរ»។
នៅក្នុងការបង្ហោះមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមតេឡេក្រាម លោក យូមេរ៉ូវ បាននិយាយថា កិច្ចប្រជុំកម្រិតមេដឹកនាំដែលមានសក្តានុពលអាចក្លាយជាធាតុសំខាន់សម្រាប់ការជំរុញការចរចា បញ្ចប់អរិភាព និងសម្រេចបាននូវសន្តិភាពដ៏យុត្តិធម៌ និងថ្លៃថ្នូរ។
លោក យូមេរ៉ូវ បានជួបជាមួយលោក ស្ទេវ វីតកូហ្វ (Steve Witkoff)បេសកជនរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ(Donald Trump) និងលោក ចារេដ គូសនើ (Jared Kushner) ជាកូនប្រសារ នៅទីក្រុងម៉ៃអាមី កាលពីសប្តាហ៍មុន៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





