ការធ្វើដំណើរតាមរថភ្លើងល្បឿនលឿនចិន-អឺរ៉ុប មានចំនួនលើសពី ១៣០.០០០ដង
AKP ភ្នំពេញ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ -- រថភ្លើងល្បឿនលឿនចិន-អឺរ៉ុប បានឃើញការធ្វើដំណើរចំនួន ១៣០.០០០ដងដែលត្រូវបានសម្គាល់ដោយការចេញដំណើររបស់រថភ្លើងដឹកទំនិញមួយពីទីក្រុងសេនជូរដ្ឋធានីនៃខេត្តហេណាន ភាគកណ្តាលប្រទេសចិន ឆ្ពោះទៅកាន់ទីក្រុងហាមប៊ឺក ប្រទេសអាល្លឺម៉ង់ នៅម៉ោង ១០:០០នាទីព្រឹក (ម៉ោងក្នុងស្រុក)។
យោងតាមក្រុមហ៊ុន China State Railway Group Co., Ltd. បានឱ្យដឹងថា តម្លៃទំនិញសរុបបានលើសពី ៥២០ប៊ីលានដុល្លារអាម៉េរិក។
ក្រុមហ៊ុននេះបាននិយាយថា ខ្លួនបានធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់នូវផ្លូវប្រតិបត្តិការរបស់រថភ្លើងល្បឿនលឿនចិន-អឺរ៉ុប ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដោយបានកំណត់ខ្សែរថភ្លើងចំនួន ៩៣ខ្សែដែលមានល្បឿនរចនាឡើង ១២០គីឡូម៉ែត្រក្នុងមួយម៉ោង។
បច្ចុប្បន្ននេះ ទីក្រុងចំនួន ១២៩ របស់ប្រទេសចិនបានដំណើរការសេវាកម្មរថភ្លើងល្បឿនលឿនចិន-អឺរ៉ុប ដោយភ្ជាប់ទីក្រុងចំនួន ២៣៥នៅក្នុងប្រទេសចំនួន ២៦ នៅអឺរ៉ុប និងទីក្រុងជាង ១០០ នៅក្នុងប្រទេសអាស៊ីចំនួន ១១ ដែលគ្របដណ្តប់លើតំបន់អឺរ៉ាស៊ីភាគច្រើន។
អត្រាដឹកជញ្ជូនទំនិញបានធ្លាក់ចុះជាង ៤០% ចាប់តាំងពីការចាប់ផ្តើមសេវាកម្មនេះ។ ឥឡូវនេះរថភ្លើងដឹកជញ្ជូនទំនិញជាង ៥០.០០០ប្រភេទនៅទូទាំង ៥៣ប្រទេស។ ទំនិញនាំចេញសំខាន់ៗរួមមានផលិតផលដែលមានតម្លៃខ្ពស់ដូចជារថយន្ត និងគ្រឿងបន្លាស់រថយន្ត គ្រឿងចក្រ គ្រឿងអេឡិចត្រូនិច និងឧបករណ៍អគ្គិសនី ខណៈដែលការនាំចូលទៅកាន់ប្រទេសចិនតាមរយៈសេវាកម្មនេះរួមមានឈើអឺរ៉ុប ស្លឹកឈើ ផលិតផលកសិកម្មពិសេសនិងទំនិញប្រើប្រាស់ប្រចាំថ្ងៃ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





