ចៅអធិការវត្តប្រាសាទអណ្តែត៖ យើងត្រូវរួមថែរក្សាពិធីបុណ្យឆ្លងចេត្រ ដែលជាទំនៀមទម្លាប់ដ៏មានអត្ថន័យរបស់អ្នករស់នៅតំបន់អង្គរឱ្យនៅយូអង្វែងតទៅទៀត
AKP សៀមរាប ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ — យើងសង្គេតឃើញថា នៅក្នុងអំឡុងដំណាច់ខែចេត្រចូលទៅខែពិសាខនេះ ឃើញថា តាមបណ្តាវត្តមួយចំនួននៅក្នុងខេត្តសៀមរាប បានប្រារព្វធ្វើពិធីបុណ្យឆ្លងចេត្រជាបន្តបន្ទាប់ ព្រោះពិធីបុណ្យនេះជាទំនៀមទំម្លាប់ដ៏មានអត្ថន័យសម្រាប់ពួកគាត់។ ជាក់ស្តែង កាលពីរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ នេះ គណៈកម្មការ និងព្រះសង្ឃវត្តប្រាសាទអណ្តែត (ហៅវត្តសន្លោង) ស្ថិតនៅឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប បានរៀបចំធ្វើពិធីបុណ្យឆ្លងចេត្រ ទៅតាមទំនៀមទំម្លាប់របស់ពួកគាត់។

ព្រះគ្រូវិចិត្រធម្មវិសុទ្ធ ប៉យ ប៉ ព្រះគ្រូចៅអធិការវត្តប្រាសាទអណ្តែត បានមានថេរៈដីកាឱ្យដឹងថា ពិធីឆ្លងចេត្រនេះសម្រាប់វត្តប្រាសាទអណ្តែត តែងតែធ្វើឡើងជាបន្តបន្ទាប់តាំងពីបុរាណកាលមក។ ហើយសម្រាប់ឆ្នាំនេះ ឃើញថា ប្រជាពលរដ្ឋមកពីគ្រប់ទិសទីច្រើនជាងបណ្តាឆ្នាំមុនៗ បានមកចូលរួមក្នុងពិធីបុណ្យឆ្លងចេត្រនេះ ដោយក្រៅពីកម្មវិធីសាសនា និងជំនឿ ក៏មានរៀបចំកម្មវិធីកម្សាន្តសប្បាយជាច្រើនផងដែរ។ ព្រះអង្គបានបន្តថា បច្ចុប្បន្ននេះ នៅក្នុងខេត្តសៀមរាប នៅមានវត្តមួយចំនួនតូចប៉ុណ្ណោះ ដែលនៅមានរៀបចំពិធីបុណ្យឆ្លងចេត្រនេះ។ ដូចនេះ ដោយសារតែជាទំនៀមទម្លាប់ និងជំនឿរបស់ប្រជាពលរដ្ឋនៅតំបន់នេះផងនោះ ព្រះអង្គចង់ឱ្យពុទ្ធបរិស័ទរួមគ្នាថែរក្សាពិធីបុណ្យឆ្លងចេត្រ ដែលជាទំនៀមទម្លាប់ដ៏មានអត្ថន័យរបស់អ្នករស់នៅតំបន់អង្គរឱ្យនៅយូអង្វែងតទៅទៀត និងបានឱ្យកូនចៅជំនាន់ក្រោយៗទៀតបានឈ្វេងយល់ និងបន្តធ្វើទៅមុខទៀត។

សូមបញ្ជាក់ថា មានមនុស្សច្រើនណាស់ ពុំទាន់យល់ពីអត្ថន័យនៃពិធីបុណ្យឆ្លងចេត្រនេះ ហើយតែងឆ្ងល់ថា ឆ្លងយ៉ាងម៉េចទៀត បើទើបនឹងឆ្លងឆ្នាំហើយថ្មីៗ។ តាមពិតទៅ បើបានទៅមើលពិធីនេះនៅភូមិណាមួយតែម្តងក៏នឹងយល់ថា ឆ្នាំមួយនោះគឺឆ្នាំនៃប្រតិទិន ពោលគឺឆ្នាំដែលមានពេលចប់ឆ្នាំចាស់ ចូលឆ្នាំថ្មីច្បាស់លាស់ដូចគ្នាជាទូទៅក្នុងប្រទេស មិនត្រឹមតែប៉ុណ្ណោះ ដូចគ្នានឹងប្រទេសដទៃទៀតមួយចំនួនផង។ រីឯឆ្នាំដែលទាក់ទងនឹងរឿងឆ្លងចេត្រនេះ បើនិយាយឱ្យចំជាងនេះ គឺ «វដ្តស្រូវ» ឬថា «រដូវ» ធ្វើស្រែក៏បាន។ ដូច្នេះហើយបានជាថ្ងៃដែលរើសយកមកធ្វើបុណ្យឆ្លងចេត្រនោះតែងតែខុសគ្នាបន្តិចបន្តួចពីភូមិមួយទៅភូមិមួយក្នុងតំបន់អង្គរជាមួយគ្នា ដ្បិតវេលាក្នុងរដូវមិនតម្រូវពេលណា ថ្ងៃណាដាច់ណាត់ ខុសមួយថ្ងៃក៏ពុំបាននោះឡើយ។ «ឆ្លងចេត្រ» នៅទីនេះគ្រាន់តែមានន័យថា ឆ្លងផុតពីខែចេត្រចូលទៅខែពិសាខ ដែលជាខែចាប់ផ្តើមធ្លាក់ភ្លៀង ពោលគឺខែដែលគេចាប់ផ្តើមដាស់ដីភ្ជួររាស់ជាដើម។ បើគិតតាមប្រតិទិនឱ្យមែនទែននោះ មិនមែនមានន័យថា ធ្វើនៅដាច់ខែចេត្រ ចូលទៅថ្ងៃមួយកើតខែពិសាខនោះឡើយ ធ្វើខុសពីពេលនោះមួយអាទិត្យ ពីរអាទិត្យក៏បាន ដ្បិតន័យពិតប្រាកដ គឺចប់រដូវធ្វើស្រែមួយជាស្ថាពរហើយ ហើយចូលទៅរដូវធ្វើស្រែមួយថ្មីភ្លាម៕

ដោយ៖ ឃុត សៅ





