អាជ្ញាធរជាតិអប្សរាបញ្ចប់ការងារជួស ជុលសង្គ្រោះបន្ទាន់ប្រាសាទបក្សីចាំក្រុង
AKP សៀមរាប ថ្ងៃទី០៩ឧសភាឆ្នាំ២០២៦ -- ប្រាសាទ បក្សីចាំក្រុង ដែលមានទីតាំងស្ថិតនៅក្បែរច្រកខ្លោងទ្វារទន្លេអុំ នៃរាជធានីអង្គរធំ ដែលបានទទួលរងគ្រោះដោយរកកលនឹងរលំបាក់ ហើយត្រូវបានក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា រៀបចំជួសជុលសង្រ្គោះបន្ទាន់ តាំងតែពីខែតុលាឆ្នាំ២០២៥មកនោះ រហូតមកទល់បច្ចុប្បន្នបានបញ្ចប់រួចរាល់ជាស្ថាពរហើយនៅថ្ងៃទី៨ខែឧសភាឆ្នាំ២០២៦នេះ។

លោក ពុទ្ធ សុទ្ធ ប្រធានគម្រោងសង្រ្គោះបន្ទាន់ប្រាសាទបក្សីចាំក្រុងនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃទី៩ខែ ឧសភាឆ្នាំ២០២៦នេះថា ក្រុមការងាររបស់លោកបានជួសជុល និងពង្រឹងចំណុចហានិភ័យខ្ពស់នៃប្រាសាទនេះរួចរាល់ហើយ ដោយរំពឹងថា ប្រាសាទដ៏ទាក់ទាញមួយនេះនឹងឈររឹងមាំតទៅ មុខរាប់រយឆ្នាំទៀត។
លោក ពុទ្ធ សុទ្ធ បានបញ្ជាក់ថា ចំណុចដែលប្រឈមខ្លាំងរួមមាន ផ្នែកដំបូល ដោយសារឥដ្ឋពុកផុយនិងមានថ្មជ្រុះធ្លាក់ចំនួន២លើកនៅអំឡុងខែវស្សាឆ្នាំទៅមិញ និងផ្នែកជញ្ជាំងខាងក្នុងនៃកំពូល។ ហើយចំណុចហានិភ័យទាំងនេះ ត្រូវបានក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ជួយសង្រ្គោះបានជោគជ័យហើយ តាមរយៈការទល់ទ្រ ការជួសជុលយកឥដ្ឋពុកផុយចេញដាក់ជំនួសឥដ្ឋថ្មី រៀបបំពេញឥដ្ឋឡើងវិញតាមរចនាសម្ពន្ធពីខាងក្នុងនៃកំពូល ឱ្យយមានរូបរាងដើមដើម្បីទប់លំនឹងជញ្ជាំងដែលនៅសល់ និងមានការបិទបាយអពង្រឹងបន្ថែមជាដើម។

លោក ពុទ្ធ សុទ្ធ បានអោយដឹងទៀតថា ក្រៅពីជួសជុលផ្នែកដំបូល និងជញ្ជាំងខាងក្នុង ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា ក៏បានសម្រេចលុបរណ្តៅដីនៅច្រកខាងមុខប្រាសាទ ដែលឯកសារបានបញ្ជាក់ថា ជារណ្តៅកំណាយនៅសម័យបារាំងអំឡុងឆ្នាំ១៩៥១។ ហើយការងារនេះ ដើម្បីការពារគ្រឹះប្រាសាទផង និងលើកសោភ័ណភាពជុំវិញបរិវេណប្រាសាទផង។ ហើយ ចំពោះរន្ទាវិញក្រុមការងារមិនទាន់រុះរើទេ ដោយរក្សាទុកមួយរយៈសិន ដើម្បីតាមដានពិនិត្យបាយអ និងថ្មដែលប្រេះស្រាំ ដែលធានាពីភាពធន់ និងជាប់យូរអង្វែង។ ហើយលោក ពុទ្ធ សុទ្ធ ក៏បានបង្ហាញមោទនភាពជាខ្លាំងក្នុងនាមជាអ្នកជំនា ញខ្មែរសុទ្ធសាធ ដែលបានរួមគ្នាជួសជុ លប្រាសាទដែលមានខឿន៤ជាន់ និងមានកម្ពស់ជិត៣០ម៉ែត្រនេះ បានដោយជោគ ជ័យជាទីមោទនៈ។

គួរអោយដឹងថា ប្រាសាទ បក្សីចាំក្រុង មានរាងជាសជី សាងសង់ជាបួនថ្នាក់ ដោយខឿនប្រាសាទសង់ឡើងពីថ្មបាយ ក្រៀម ហើយប្រាង្គប្រាសាទសង់ឡើងពីឥដ្ឋ មានជណ្ដើរឡើងចំនួនបួនទិស។ ហើយប្រាសាទរាងជាសជីនេះ ត្រូវបានសាងសង់រួចកាលពីឆ្នាំ៩០៨ ពោលគឺមានអាយុកាលជាង១ ០០០ឆ្នាំមកហើយ៕
ដោយ៖ ហង្សនសៀក





