ឯកឧត្តម សាយ សំអាល់ អញ្ជើញកាត់ខ្សែបូសម្ពោធស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តន៍ជន
AKP ព្រះសីហនុ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦--នារសៀលថ្ងៃសុក្រទី០៨ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះ សីហនុ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជាខេត្តព្រះសីហនុ ដែលមានទីតាំងស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីនុនិង មានការចូលរួមពីអតីតយុទ្ធជន និងនិវត្តន៍ជនចំនួន ៣០០នាក់ ។
លោកឧត្តមសេនីយត្រី នូវ សំអុល មេបញ្ជាការសឹករងព្រះសីហនុ ជាប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជាខេត្តព្រះសីហនុ បានធ្វើសេចក្តីរាយការណ៍សង្ខេប ស្តីពីអគារស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជាខេត្តព្រះសីហនុ បានបញ្ចុះបឋមសិលាសាងសង់កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ លើផ្ទៃដីទំហំ ១៧២,២០ម៉ែត្រការ៉េ សាងសង់អំពីបេតុង ប្រកក្បឿងមាន ៤បន្ទប់ ចំណាយថវិកាចំនួន ៧២ ០០០ដុល្លាអាមេរិក លើដីមានបណ្តោយ ១៥០ម៉ែត្រ ទទឹង ៥០ម៉ែត្រ ស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានថ្លែងថា អគារសមាគមអតីតយុទ្ធជន និងនិវត្តន៍ជននេះ ជាសមិទ្ធិផលថ្មីមួយទៀតបំរើឱ្យការងារអតីតយុទ្ធជន និងនិវត្តន៍ជនខេត្តព្រះសីហនុ ព្រមទាំងសម្តែងនូវការកោតសរសើរចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងនិវត្តន៍ជន ដែលបាននិងកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងបុព្វហេតុអភិវឌ្ឍប្រទេសជាតិ និងការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។


រាជរដ្ឋាភិបាលបានផ្តល់ការយកចិត្តទុកដាក់លើការងារអតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិល ជាអាទិភាពមួយក្នុងចំណោមអាទិភាពនានា។ដោយឡែករាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ក្នុងនោះការអភិវឌ្ឍវិស័យសង្គមកិច្ចស្ថិតនៅក្នុងបញ្ចកោណទី១ នៃយុទ្ធ សាស្ត្រការអភិវឌ្ឍមូលធនមនុស្សក្នុងមុំទី៤ គឺការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀងមានគោលដៅជាយុទ្ធសាស្ត្រ គឺការកសាង និងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឱ្យមានលក្ខណៈប្រមូលផ្តុំ និងសង្គតិភាពទាំងក្នុងប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម និងការពង្រឹងប្រព័ន្ធស្បៀង និងអាហារូបត្ថម្ភសម្រាប់ប្រជាជនគ្រប់រូប។
ការអភិវឌ្ឍន៍ប្រព័ន្ធគាំពារសង្គមឈរលើស្មារតី «មិនបោះបង់ពលរដ្ឋខ្មែរណាម្នាក់» ហើយការពង្រីកវិសាលភាពនៃប្រព័ន្ធគាំពារសង្គមឈរលើអភិក្រមចំនួន៤ គឺ ១.ចីរភាពនៃកម្មវិធី ២.លទ្ធភាពអាចទ្រទ្រង់បាននៃថវិកាជាតិ ៣.ការធានាបរិយាបន្ន និងសមធម៌សង្គម ដោយផ្តោតអន្តរាគមន៍របស់រដ្ឋលើគ្រួសារក្រីក្រងាយរងគ្រោះ និងងាយរងហានិភ័យ ៤.ពង្រីកវិសាលភាពនៃប្រព័ន្ធគាំពារសង្គមតាមរយៈការអភិវឌ្ឍជាប្រព័ន្ធ។
ដោយឡែករាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ឯកឧត្តម អភិបាលខេត្តបានបន្តថា តាមស្មារតី នៃសេចក្តីសម្រេចចិត្តមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ត្រូវបន្តធ្វើជាស្នូលក្នុងការលើកកម្ពស់តួនាទីអតីតយុទ្ធជន និងនិវត្តជននៅក្នុងសង្គមជាតិ និងលើកទឹកចិត្តឱ្យបងប្អូនអតីតយុទ្ធជន និងនិវត្តន៍ជនប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាព និងការជួយជ្រោមជ្រែងគ្នាទៅ វិញទៅមក ព្រមទាំងចូលរួមឱ្យបានសកម្មក្នុងចលនាប្រឡងប្រណាំង ៣ពូកែ (ការធ្វើសេដ្ឋកិច្ចគ្រួសារពូកែ ការជួយគ្នាដើម្បីកាត់បន្ថយភាពក្រីក្រពូកែ ការអភិវឌ្ឍសហគមន៍និងសង្គមជាតិពូកែ) ដើម្បីជាប្រយោជន៍ដល់បងប្អូននិងប្រទេសជាតិ ។

ឯកឧត្ដម សាយ សំអាល់ បានធ្វើការសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តន៍ជនខេត្តព្រះសីហនុ ព្រមទាំងបានធ្វើការណែនាំមួយចំនួន÷១.បង្កើតវប្បធម៌ក្មេងជំនាន់ក្រោយសម្រាប់អតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជាខេត្តព្រះសីហនុ, ២.រៀបចំផ្ទះ និងភូមិឋានជូនអតីតយុទ្ធជន និងនិវត្តន៍ជន, ៣.ដោះស្រាយដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋបាន ៥០ម៉ឺនគ្រួសារ។
ទន្ទឹមនោះ យើងត្រូវរកដីដែលនៅក្នុងទីប្រជុំជន ដើម្បីឪ្យកូនចៅរបស់យើងបានរៀនសូត្រចប់ចុង ចប់ដើម ដែលទាមទារឪ្យមានសាលារៀន និងមន្ទីរពេទ្យនៅជិតផ្ទះបងប្អូនប្រជាពលរដ្ឋ ហើយកិច្ចការទាំងអស់នេះ គឺយើងត្រូវរួមគ្នាលើកកម្ពស់ជីវភាពអតីតយុទ្ធជន និវត្តន៍ជនរបស់យើងដែលពួកគាត់បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាងសុខសន្តិភាព និងស្ថេរភាពសង្គមសម្រាប់ព្រះរាជាណាចក្រកម្ពុជា សំដៅធានាឪ្យមានជាការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ជាតិមាតុភូមិ និងប្រជាជនកម្ពុជា ។

ក្នងុឪកាសនោះ ឯកឧត្តម សាយ សំអាល់ ក៏បាននាំយកអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតឧបត្ថម្ភជូនអតីតយុទ្ធជន និងនិវត្តន៍ជនចំនួន ៣០០នាក់ ក្នុងម្នាក់ទទួលបានអង្ករ ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកសុទ្ធ១យួរ ត្រីងៀតសមុទ្រ១គីឡូ នំសណ្តែកដី១ថង់ និងថវិកា ១០ម៉ឺនរៀល៕
ដោយ ងូ សុមុនី





