អភិបាលខេត្តកំពង់ស្ពឺ៖ ជម្រុញឱ្យមានការកសាងភាពធន់ ដើម្បីការងារសមរម្យ ខណៈរោងចក្រ សហគ្រាសក្នុងខេត្តនេះបានកើនដល់ជាង១៦០០កន្លែង
AKP កំពង់ស្ពឺ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦--អភិបាលខេត្តកំពង់ស្ពឺឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានជម្រុញឱ្យរួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ ខណៈរោងចក្រ សហគ្រាសក្នុងខេត្តនេះមានការកើនរហូតដល់ជាង១៦០០កន្លែង និងមានកម្មករ និយោជិតជាង១៣ម៉ឺននាក់កំពុងបម្រើការ។ ការជម្រុញបែបនេះធ្វើឡើងនៅក្នុងជំនួបសំណេះសំណាលជាមួយកម្មករ និយោជិតប្រមាណជាង១ពាន់នាក់នៅក្នុងរោងចក្រ សួស យ៉ាត អេ ស្ថិតក្នុងក្រុងច្បារមន ក្នុងឱកាសប្រារព្ធទិវាពលកម្មអន្តរជាតិ១ឧសភា ឆ្នាំ២០២៦។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងក្រោមយុទ្ធសាស្ត្រទាក់ម៉ូយ បានធ្វើឱ្យខេត្តកំពង់ស្ពឺមានការអភិវឌ្ឍន៍ រីកចម្រើនគួរឱ្យកត់សម្គាល់ ពិសេសគឺវិស័យឧស្សាហកម្មកាត់ដេរ។បច្ចុប្បន្នខេត្តនេះមានរោងចក្រ សហគ្រាសប្រមាណជាង១៦០០កន្លែង និងមានកម្មករ កម្មការិនីកំពុងបម្រើការងារប្រមាណជាង១៣ម៉ឺននាក់។ជាមួយនឹងកំណើនឥតឈប់ឈរនៃរោងចក្រ សហគ្រាសនេះដែរ បានប្រែក្លាយជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ដែលកន្លងមកធ្លាប់តែគេមើលងាយមើលថោក ហើយចំអកឡកឡឺយថា ជាខេត្តប៊ុមប៊ឺ ឱ្យមានជីវភាពធូរធារីកចម្រើន និងស៊ីវិល័យតាមរយៈការងារ និងតំលៃអចលនទ្រព្យ។


ដើម្បីទទួលកំណើនការងារបន្ថែម ឯកឧត្តមបណ្ឌិតជាម ច័ន្ទសោភ័ណ បានលើកទឹកចិត្តទៅដល់ធុរៈជនទាំងអស់ដែលបាន និងកំពុងរកស៊ីនៅក្នុងខេត្តកំពង់ស្ពឺ និងដាស់តឿនដល់កម្មករនិយោជិតដែលមានការអាក់អន់ស្រពន់ចិត្តក្នុងរង្វង់ការងារឱ្យរិះរកគ្រប់មធ្យោបាយដើម្បីដោះស្រាយ មិនត្រូវនាំគ្នាប្រមូលផ្តុំធ្វើបាតុកម្មឬកូដកម្មនោះឡើយ។ ការដែលចៀសវាងបាតុកម្ម ឬកូដកម្មបាន គឺជាការការពារឆ្នាំងបាយរបស់ខ្លួនឯងនិងក្រុមគ្រួសារ។កុំជឿលើការញុះញង់របស់ក្រុមណាមួយដែលចង់បំផ្លាញស្ថិរភាពរោងចក្រ និងសង្គម។សូមប្រើប្រាស់យន្តការដោះស្រាយវិវាទការងារស្របច្បាប់ ដោយដាក់ញត្តិទៅកាន់ក្រសួងការងារ ឬមន្ទីរការងារជំនាញ។ផ្តោតលើការងារ និងការបង្កើនជំនាញ ដើម្បីទទួលបានប្រាក់ខែ និងអត្ថប្រយោជន៍កាន់តែប្រសើរ។រក្សាសាមគ្គីភាព និងសន្តិភាពនៅក្នុងរោងចក្រ ដើម្បីធានាថាមានការងារធ្វើជាប់លាប់៕


ដោយ ម៉ែន ប៊ុនធីម





